លោក ស៊ុំ វណ្ណា សង្ឃឹមលោក Leonardo ត្រឡប់មកម្ពុជាថ្មីម្ដងទៀត

មាស សុផាណារ៉ុង August 29, 2019


 

ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើល ចំពោះសារខ្លីមួយរបស់លោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបភ្នំពេញក្រោន ដែលបានបង្ហោះលើបណ្ដាញសង្គមថ្ងៃនេះ ដោយសង្ឃឹមថា លោក Leonardo Vitorino អតីតគ្រូបង្គោលភ្នំពេញក្រោន នឹងត្រឡប់មកកម្ពុជាម្ដងទៀត។

លោក ស៊ុំ វណ្ណា បានសរសេរថា៖ «សង្ឃឹមថាសម្លាញ់ និងវិលត្រលប់មកទឹកដីអង្គរជាថ្មីម្ដងទៀត»។ ជាមួយការបង្ហោះសារបែបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ដ្បិកអ្នកទាំងពីរ ធ្លាប់ជាក្រុមការងារតែមួយ ក្នុងក្លឹបភ្នំពេញក្រោន កាលពីរដូវកាលកន្លងទៅ។

យ៉ាងណាមិញ ក្រុមការងារយើងក៏បានទាក់ទងទៅលោក ស៊ុំ វណ្ណា ដើម្បីបញ្ជាក់ដែរ តែជាការឆ្លើយតបលោកបាននិយាយអមដោយសំណើចថា «សុំលាក់សិន»។ លោកគ្រាន់តែបង្ហើបថា ទំនាក់ទំនងអ្នកទាំងពីរនៅធម្មតា ក៏ព្រោះលោកចេះភាសាអេស្ប៉ាញ ហើយ Leonardo និយាយភាសាព័រទុយហ្គាល់។ ប៉ុន្ដែចំពោះអត្ថន័យ នៃសាររបស់លោកខាងលើ លោកសូមមិនទាន់បញ្ចេញនោះទេ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗ លោក Leonardo បានបង្ហោះសារជាច្រើន ដែលបន្សល់នូវមន្ទិលសង្ស័យសម្រាប់អ្នកគាំទ្រកម្ពុជា ពិសេសលោកបានសង្កត់ធ្ងន់ថា បើលោកមកកម្ពុជាម្ដងទៀត លោកមិនធ្វើជាគ្រូបង្វឹកនោះទេ លោកអាចធ្វើជាអ្នកគ្រប់គ្រងបច្ចេកទេស។ ដូច្នេះតាមរយៈសាររបស់លោក ស៊ុំ វណ្ណា ខាងលើ ក៏អាចនឹងមានទំនាក់ទំនង ដែលបង្កប់នូវមន្ទិលជាមួយសារបុរសសញ្ជាតិប្រេស៊ីលរូបនេះ នាពេលកន្លងមកផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់