កែវ សុខផេង៖ «ទោះបីខ្ញុំតែងតែជាប់ជម្រើសជាតិ តែក្ដីប្រាថ្នាខ្ញុំ គឺប៉ងជាប់ជានិច្ចហើយនឹងខំប្រឹងលេង ដើម្បីជួយក្រុម»

មាស សុផាណារ៉ុង August 29, 2019


 

ភ្នំពេញ៖ កីឡាករ កែវ សុខផេង នៅតែបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការកោះហៅចូលក្រុមជម្រើសជាតិម្ដងហើយម្ដងទៀត រហូតត្រូវបានសមាជិកក្លឹបវិសាខានេះនិយាយថា «ទោះបីខ្ញុំតែងជាប់ជម្រើសជាតិ តែក្ដីប្រាថ្នាខ្ញុំ គឺជាប៉ងជាប់ជានិច្ច»

ខ្សែប្រយុទ្ធមានប្រភពពីខេត្តក្រចេះរូបនេះ បានបញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្ត ដែលបានជាប់ជម្រើសជាតិជាថ្មី ព្រោះលេងតំណាងជាតិ គឺជាក្ដីប្រាថ្នារបស់ខ្ញុំជានិច្ច ទោះបីខ្ញុំតែងតែជាប់ជានិច្ច តែក្ដីប្រាថ្នានៅតែប៉ងជានិច្ច ហើយខ្ញុំនឹងខំប្រឹងលេង ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជា ឲ្យទទួលបានជ័យជម្នះ និងរីកចម្រើននាថ្ងៃអនាគត។» 

ការបញ្ជាក់បែបនេះ ក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសសមាសភាពកីឡាករ ៣៥នាក់ ដែលត្រូវបានកោះហៅប្រមូលផ្ដុំក្នុងបញ្ជីកីឡាករបឋម ដើម្បីត្រៀមបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិហុងកុង និងបារ៉ែន ក្នុងវគ្គជម្រុះជុំទី២-តំបន់អាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ពូល C ជើងទី១ នាពេលឆាប់ៗខាងមុខ។

ចំពោះការប្រកួតបើកឆាកជាមួយហុងកុង នាថ្ងៃទី០៥ ខែកញ្ញាវិញ សុខផេង បានបញ្ជាក់ថា មិនមែនជាការងារស្រួលនោះទេ តែពួកគេនឹងខំប្រឹង ដើម្បីដណ្ដើមលទ្ធផលល្អជូនជាតិ។ សុខផេង បន្ដថា៖ «យើងធ្លាប់ជួបហុងកុង ២ដងហើយ យើងចាញ់ទាំង ២ជើង តែនេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីប្រជែងកៅអីវគ្គបន្ដ ហើយសម្រាប់ហុងកុង សម្បូរកីឡាករចូលសញ្ញាតិ សុទ្ធតែល្អ។ ប៉ុន្ដែយើងត្រូវពង្រឹងបន្ថែម ព្រោះយើងធ្លាប់ចាញ់គាត់ប៉ុន្មានដង យើងត្រូវតែខិតខំ ដើម្បីដណ្ដើមជ័យជម្នះមកវិញ។»

គួរបញ្ជាក់ថា ក្នុងបញ្ជីឈ្មោះកីឡាករបឋម ៣៥នាក់ ដែលសហព័ន្ធបានប្រកាសល្ងាចមិញ គេឃើញកីឡាករឆ្នើមៗជំនាន់ កែវ សុខផេង ៣រូប ត្រូវអវត្តមាន គឺកីឡាករ ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន ហើយជំនួសមកវិញ ដោយកីឡាករក្មេងៗជាច្រើន ដើម្បីត្រៀមជួបហុងកុង នាថ្ងៃទី០៥ ខែកញ្ញា និងជួបក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញាខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់