ពូល C វគ្គជម្រុះបាល់ទាត់ពិភពលោក កម្ពុជា មានប្រវត្តិជួប ហុងកុង តែមួយគត់ ខណៈបារ៉ែន អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ត្រៀមបង្កើតប្រវត្តិសាស្ត្រថ្មី

មាស សុផាណារ៉ុង August 29, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសប្រចាំទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ពូល C ជាមួយកោះហុងកុង, បារ៉ែន, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ចាប់ពីដើមខែកញ្ញា តទៅ។

យ៉ាងណាមិញ ក្រុមទាំង ៤ខាងលើនេះ កម្ពុជា ធ្លាប់មានប្រវត្តិជួបក្រុមតែមួយគត់ គឺកោះហុងកុង ខណៈ បារ៉ែន, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ពុំដែលមានប្រវត្តិជួបគ្នាទាល់តែសោះចាប់តាំងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងនៅឆ្នាំ១៩៣៣ និងចាប់ផ្ដើមក្លាយជាសមាជិកសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ប្រកួតលើឆាកអន្តរជាតិ ពីឆ្នាំ១៩៥៣ មក។

ចំពោះជម្រើសជាតិកម្ពុជា ដែលធ្លាប់មានប្រវត្តិប្រកួតជាមួយ ហុងកុង គឺធ្លាប់ប្រកួតជាមួយគ្នាដល់ទៅ ៥ដង ទាំងការប្រកួតផ្លូវការ និងការប្រកួតក្រៅផ្លូវការ ហើយជាលទ្ធផល កម្ពុជា រងបរាជ័យទាំង ៥ប្រកួត។

លទ្ធផលមានដូចជា៖

  • ថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧: ហុងកុង ៦-២ កម្ពុជា
  • ថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៩៩: ហុងកុង ៤-១ កម្ពុជា
  • ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ១៩៩៩: កម្ពុជា ០-១ ហុងកុង
  • ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦: ហុងកុង ៤-២ កម្ពុជា
  • ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦: កម្ពុជា ០-២ ហុងកុង

ចំពោះជាមួយ បារ៉ែន, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវសាងប្រវត្តិសាស្ត្រសម្រាប់ជំនួបជួបគ្នាដំបូងរៀងខ្លួនចំនួន ២ដង ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ខាងមុខនេះ ពោលគឺ៖

  • ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ប្រកួតជាមួយ បារ៉ែន
  • ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ប្រកួតជាមួយ អ៊ីរ៉ង់
  • ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ប្រកួតជាមួយ អ៊ីរ៉ាក់
  • ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ប្រកួតជាមួយ បារ៉ែន
  • ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ប្រកួតជាមួយ អ៊ីរ៉ង់
  • ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ប្រកួតជាមួយ អ៊ីរ៉ាក់

សូមបញ្ជាក់ថា ជំនួបបើកឆាកពានរង្វាន់ដដែលនេះ កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែល នៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់