ហុងកុង ផ្លាស់ប្ដូរសមាសភាពកីឡាករ ២រូប មុនឡើងមកប្រកួតជាមួយ កម្ពុជា ក្នុងវគ្គជម្រុះ World Cup

មាស សុផាណារ៉ុង August 28, 2019


 

ហុងកុង៖ ក្រុមបាល់ទាត់ជម្រើសកោះហុងកុង បានសម្រេចផ្លាស់ប្ដូរសមាសភាពកីឡាករ ២រូប ជាកីឡាករចូលសញ្ជាតិហុងកុង-នីហ្សេរីយ៉ា និងសញ្ចាតិដើមហុងកុង ផ្ទាល់ចេញ មុនឡើងមកប្រកួតជាមួយជម្រើសជាតិកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ដើមខែក្រោយ។

ចាំបានថា កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសកោះហុងកុងដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិហ្វាំងឡង់ លោក Mixu Paatelainen បានកោះហៅកីឡាករចំនួន ២៣រូប ដែលជាជម្រើសផ្លូវការ ប៉ុន្តែកាលពីពេលថ្មីៗនេះ បានប្រកាសពីការផ្លាស់ប្ដូរសមាសភាពកីឡាករ ២រូបជាបន្តបន្ទាប់ បន្ទាប់កីឡាកររូបនោះបានជួបនូវបញ្ហារបួស និងសម្រេចដកខ្លួនពីក្រុម។

ចំពោះកីឡាករសញ្ជាតិដើម នីហ្សេរីយ៉ា ចូលសញ្ជាតិហុងកុង ដែលបានប្រកាសដកខ្លួននោះមានឈ្មោះថា Festus Baise ជាខ្សែការពារកណ្ដាលដ៏រឹងមាំ បានទទួលរងរបួសហើយត្រូវបានគ្រូបង្វឹកកោះហៅកីឡាករជំនួសមកវិញ គឺកីឡាករ Roberto Orlando Affonso Júnior ជាកីឡាករសញ្ជាតិដើមប្រេស៊ីល ចូលសញ្ជាតិហុងកុង ផងដែរ និងលេងក្នុងតួនាទីជាខ្សែការពារកណ្ដាលផ្ទាល់តែម្ដង ខណៈកីឡាករមួយរូបទៀត គឺខ្សែការពារ CHAK Ting Fung និងជំនួសវិញដោយកីឡាករ LAW Tzs Chun។

Festus Baise (ប្រភពរូបភាព gettyimages | Powers Sports Images)

Roberto Júnior (ប្រភពរូបភាព gettyimages | Powers Sports Images)

សូមបញ្ជាក់ជាថ្មីថា សមាសភាពកីឡាករចំនួន ២៣នាក់ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិហ្វាំងឡង់ លោក Mixu Paatelainen ភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពនៅលីគកំពូលហុងកុងផ្ទាល់តែម្ដង និងមួយចំនួនតូចប្រកបអាជីពនៅលីគកំពូលចិន និងលីគទី២ ចិនផងដែរ។

គួរដឹងដែរថា ក្រុមនេះនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី០២ ខែកញ្ញា តទៅ នៅលើទីលាន Jockey Club HKFA Football Training Centre មុននឹងឡើងមកកម្ពុជា នៅថ្ងៃទី០៣ ខែដដែល ដើម្បីត្រៀមតតាំងគ្នានៅថ្ងៃទី០៥ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ៕

 

អត្ថបទពាក់ព័ន្ធ៖ ជម្រើសកោះហុងកុង ប្រកាសបញ្ជីឈ្មោះកីឡាករដែលត្រូវឡើងមកតតាំងជាមួយកម្ពុជា ជាផ្លូវការ

អត្ថបទពាក់ព័ន្ធ៖ ណែនាំឲ្យស្គាល់កីឡាករបរទេស ចូលសញ្ជាតិហុងកុង ដែលត្រៀមឡើងមកប្រកួតតទល់ជាមួយ កម្ពុជា

 

រូបភាព៖ HKFA

អត្ថបទ៖ ណារ៉ុង

មតិយោបល់