កីឡាករ ៣៥នាក់ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ត្រៀមប៉ះហុងកុង និងបារ៉ែន

មាស សុផាណារ៉ុង August 28, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ចីឈ្មោះកីឡាករចំនួន ៣៥នាក់ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ខែក្រោយ រវាងកម្ពុជា ជាមួយ ហុងកុង និង បារ៉ែន។

កីឡាករទាំង ៣៥នាក់នេះ មកពីយុវជននៃក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ , ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន , បឹងកេតអែហ្វស៊ី , ណាហ្គាវើលដ៍ , វិសាខា , អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ និងយុវជនពីសាលាបាល់ទាត់ជាបាទី ផងដែរ។

ជាការកត់សម្គាល់ កីឡាករសំខាន់ៗដូចជា ចាន់ វឌ្ឍនាកា ពុំត្រូវបានកោះហៅចូលក្រុមជម្រើសជាតិសារជាថ្មី ខណៈដែរ ប្រាក់ មុន្នីឧត្តម ជាមួយ ធារី ចន្ថាប៊ីន ក៏ពុំត្រូវបានកោះហៅដូចគ្នា។ ចំពោះកីឡាករដែលទើបតែត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ ជាលើកដំបូងរួមមាន ដូចជា សួន សុវណ្ណ របស់ព្រះខ័នរាជស្វាយរៀង និងកីឡាករ ជា វេសលី របស់បឹងកេត ស្របពេលដែលយុវជនដូចជា ម៉ៅ ពិសិដ្ឋ, ដាវ នីម, កាន់ វិសាល, ទៀត គីមហេង និងកីឡាករ សាន គីមហេង ត្រូវបានកោះហៅចូលក្រុមជាថ្មីដ្បិតកន្លងមកធ្លាប់មានឈ្មោះកោះហៅក្នុងបញ្ជីបឋមដូចគ្នា ប៉ុន្តែក្រោយមកត្រូវបានជម្រុះចេញ។ រឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀត កីឡាករ ស៊ូ យ៉ាទី, លី​ វ៉ាហេទ និងហួយ ផល្លីន ដែលធ្លាប់តែជាសមាជិកជារឿយៗត្រូវបានកោះហៅចូលក្រុម តែមួយរយៈចុងក្រោយនេះខកខាន ក៏មានឈ្មោះក្នុងបញ្ជីសារជាថ្មីផងដែរ។

ការកោះហៅនេះផងដែរ គឺជាការកោះហៅប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមពានរង្វាន់ដដែលនេះ ចាប់ពីថ្ងៃទី២៩ ខែកញ្ញាស្អែកនេះតទៅ ហើយគ្រោងនឹងធ្វើការជម្រុះបន្តទៀតមកនៅសល់ត្រឹមតែ ២៣នាក់ចុងក្រោយ។

បញ្ជីឈ្មោះថ្នាក់ដឹកនាំ និងកីឡាករ ទាំង៣៥រូប៖

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។

ជំនួបបើកឆាក កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង ផ្ទាល់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈក្រុមនេះបានបង្ហាញបញ្ជីឈ្មោះកីឡាកររបស់ខ្លួនរួចរាល់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែលនៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់