គ្រូព្រះខ័នរាជស្វាយរៀងថា នឹងចម្រាញ់កីឡាករដ៏ត្រឹមត្រូវ ដើម្បីស្វាគមន៍អង្គរថាយហ្គឺរល្ងាចនេះ

មាស សុផាណារ៉ុង August 28, 2019


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ហាក់មិនទាន់កក់ក្ដៅ ចំពោះជ័យជម្នះ ២ទល់០ លើអង្គរថាយហ្គឺរ កាលពីជើងទី១ ឡើយ ដោយលោកនឹងចម្រាញ់កីឡាករដ៏ត្រឹមត្រូវ ដើម្បីស្វាគមន៍ក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាប នាម៉ោង ៦ល្ងាចនេះ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។

គ្រូបង្វឹកកំពុងកាន់កំណត់ត្រាដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់ចាញ់ក្នុងរដូវកាលឆ្នាំ២០១៩ រូបនេះ បានបញ្ជាក់ថា៖ «ពួកយើងនឹងត្រូវលេងជាក្រុម ដែលខ្លាំងបំផុតមួយ ដែលខ្ញុំត្រូវតែជ្រើសរើសកីឡាករអោយបានត្រឹមត្រូវ។» នេះគឺជាការបញ្ជាក់របស់លោក Conor មុនប៉ះអង្គរថាយហ្គឺរ តែលោកបានសុំមិនបង្ហើបឈ្មោះកីឡាករ ដែលនាំឲ្យគូប្រជែងដឹងពីរៀបលេងរបស់ពួកគេឡើយ។

គួរដឹងថា នេះគឺជាលើកទី២ ហើយ ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ បានជួបគ្នាក្នុងពានរង្វាន់សម្ដេចតេជោនាយរដ្ឋមន្ដ្រី ខណៈកាលពីលើកទី១ ក្រុមទាំងពីរ បានជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៥ ខណៈលទ្ធផលក្រុមព្រះខ័នរាជស្វាយរៀង ក៏បានយកឈ្នះ ២-០ ផងដែរ។

ដូច្នេះចាំមើលល្ងាចនេះ តើអង្គរថាយហ្គឺរ អាចសងសឹកក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀងនេះបានដែរក៏អត់?

 

រូបភាព៖ អង្គរថាយហ្គឺរ – Angkor Tiger Football Club

អត្ថបទ៖ បុត្រា

មតិយោបល់