សមាជិករបស់ណាហ្គាវើលដ៍ ៤រូបនេះ ទំនងមានឈ្មោះត្រៀមជួយគោព្រៃកម្ពុជា ប៉ះហុងកុង សប្ដាហ៍ក្រោយ

មាស សុផាណារ៉ុង August 28, 2019


 

ភ្នំពេញ៖ កីឡាករ ស៊ុះ ស៊ូហាណា, គួច សុកុម្ភៈ, គួច ដានី និងអ្នកចាំទី ស៊ូ យ៉ាងទី ត្រូវបានអ្នកគាំទ្រជឿជាក់ថា នឹងមានវត្តមានក្នុងបញ្ជីឈ្មោះបឋម នៃក្រុមជម្រើសជាតិកម្ពុជា ត្រៀមប៉ះក្រុមជម្រើសជាតិហុងកុង នាថ្ងៃទី០៥ ខែកញ្ញាខាងមុខ បន្ទាប់ពីសមាជិកក្លឹបណាហ្គាវើលដ៏ទាំង ៤រូបខាងលើ បានចូលរួមកម្មវិធីចែករំលែកក្ដីស្រលាញ់ដល់កុមារកំព្រា នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញ ខណៈសហព័ន្ធកីឡាបានបញ្ជាក់ផងដែរថា ពួកគេសុទ្ធតែជាសមាជិកក្រុមគោព្រៃកម្ពុជា។

ទន្ទឹមជាមួយគ្នា អ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំង ចំពោះវត្តមានរបស់អ្នកចាំទី ស៊ូ យ៉ាទី ដោយពួកគេបានបង្ហាញការស្វាគមន៍ សម្រាប់ការវិលត្រឡប់មកជាប់ក្រុមជម្រើសជាតិវិញ ក្រោយខកខាន កាលពីក្រុមគោព្រៃកម្ពុជា ធ្វើការប្រកួតជម្រុះវគ្គបឋម នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន កាលពីខែមិថុនាកន្លងទៅ។

ក្រឡេកទៅចាប់អារម្មណ៍កម្មវិធីសប្បុរសធម៌ខាងលើវិញ សហព័ន្ធបានរៀបចំកម្មវិធីកំសាន្ដជាច្រើន រួមជាមួយការបង្ហាញនូវបចច្ចេកទេស និងបទពិសោធន៍លេងបាល់ទាត់ពីសំណាក់កីឡាករជម្រើសជាតិ រួមការរៀបចំអាហារសាមគ្គីជុំគ្នាជាមួយកុមារកំព្រា ក៏ដូចជាការបំពេញបំណងប្រាថ្នាដល់កុមារកំព្រាទាំងអស់ បានចូលរួមទស្សនាការប្រកួតរវាងកម្ពុជា និងហុងកុង នាថ្ងៃទី០៥ ខែកញ្ញាទៀតផង ។

គួរបញ្ជាក់ថា ចំពោះបញ្ជីឈ្មោះបឋមក្រុមគោព្រៃកម្ពុជា ត្រូវបានសហព័ន្ធនឹងប្រកាសយកថ្ងៃទី២៩ ខែសីហាស្អែក ដើម្បីប្រកាសជាផ្លូវការ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជើងទី១ ក្នុងវគ្គជម្រុះជុំទី២-ប្រចាំតំបន់អាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ពូល C ជាមួយក្រុមជម្រើសជាតិហុងកុង នាថ្ងៃព្រហស្បត្តិសប្ដាហ៍ក្រោយនេះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់