គ្រូភ្នំពេញក្រោន សម្រាកកីឡាករមួយចំនួន ពេលប៉ះសូលទីឡូអង្គរ ដើម្បីទុកលេងពានសម្តេច

មាស សុផាណារ៉ុង August 27, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានយកឈ្នះ សូលទីឡូអង្គរ ២ទល់១ ទាំងលំបាកក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា សប្ដាហ៍ទី២១ កាលពីចុងសប្ដាហ៍កន្លងទៅ នៅកីឡដ្ឋាន Smart RSN។ ប៉ុន្ដែក្នុងជំនួបដ៏តានតឹងនេះ គេឃើញកីឡាករសំខាន់ៗមួយចំនួនរបស់ក្រុមម្ចាស់ផ្ទះ មិនបានជួយក្រុមនោះទេ។

ជាមួយការទុកកីឡាករសំខាន់ៗមួយចំនួននេះដែរ ត្រូវបានលោក ស៊ុំ វណ្ណា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ភ្នំពេញក្រោន បង្ហើបថា ទុកត្រៀមជួបក្រសួងការពារជាតិ ក្នុងជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពីរងបរាជ័យ ដោយលទ្ធផល ១ទល់០ កាលពីជើងទី១។

អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញរូបនេះ បាននិយាយថា៖ «ដោយសារយើងត្រៀមកីឡាករមួយចំនួន សម្រាប់ពានរង្វាន់ Hun Sen Cup ដោយយើងទុកកីឡាករសំខាន់មួយចំនួន ក៏ព្រោះតែការបរាជ័យនៅជើងទី១ ខណៈបើក្នុងទឹកដីរបស់យើងធ្វើបានល្អ និងមានឱកាសឡើងទៅវគ្គបន្ត។»

ចំពោះប្រកួតជើងទី២ ជាមួយ ក្រសួងការពារជាតិ នឹងធ្វើនាថ្ងៃទី២៨ ខែសីហា ស្អែកនេះ នៅកីឡដ្ឋាន Smart RSN។

ក្រឡេកទៅមើលការប្រកួតជាមួយសូលទីឡូអង្គរ កាលពីចុងសប្ដាហ៍កន្លងទៅ សូលទីឡូអង្គរ បានបំបែកពង់មានក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទី៧៥ តែនៅនាទី៨១ និងនាទី៨៣ កីឡាករ Bata និង Booysen Shane រកបានម្នាក់ ១គ្រាប់វាយបកជួយឲ្យភ្នំពេញក្រោននាំមុខវិញ ហើយក៏ជាគ្រាប់ជ័យជម្នះផងដែរ។ ដូច្នេះនេះគឺជាការសងសឹកបានសម្រេច បន្ទាប់ពីភ្នំពេញក្រោន ចាញ់សូលទីឡូអង្គរ ១-០ កាលពីជើងទី១៕

 

រូបភាព៖ ក្លឹបភ្នំពេញក្រោន – Phnom Penh Crown

អត្ថបទ៖ បុត្រា

មតិយោបល់