ជម្រើសជាតិបារ៉ែន បង្ហាញឈ្មោះកីឡាករ ត្រៀមប្រមូលផ្ដុំចាប់ពីថ្ងៃទី២៨ តទៅ

មាស សុផាណារ៉ុង August 27, 2019


 

បារ៉ែន៖  ក្រុមបាល់ទាត់ជម្រើសជាតិបារ៉ែន នៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ បានធ្វើការប្រកាសបញ្ជីឈ្មោះកីឡាកររបស់ខ្លួនជាផ្លូវការ ដើម្បីឡើងមកតតាំងជាមួយកម្ពុជា ក្នុងការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ សម្រាប់ប្រទេសក្នុងទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ( 2023 AFC Asian Cup qualification )។

សមាសភាពកីឡាករចំនួន ២៩នាក់ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ លោក Hélio Filipe Dias de Sousa ភាគច្រើនគឺសុទ្ធសឹងតែជាកីឡាករដែលប្រកបអាជីពនៅលីគកំពូលបារ៉ែនផ្ទាល់តែម្ដង និងមួយចំនួនតូចប្រកបអាជីពនៅក្រៅប្រទេសដូចជានៅគូយវែត និងម្នាក់ទៀតលេងលីគកំពូលឆេក ជាដើម។

សមាសភាពកីឡាករទាំងនោះមានដូចជា៖

  • អ្នកចាំទី៖ Sayed Shubr Alawi, Hamad Al-Dosari, Sayed Mohammed Jafar
  • ខ្សែការពារ៖ Sayed Mahdi Baqer, Waleed Al-Hayam, Ahmed Bughamar, Ahmed Nabil, Abdullah Al Hazza, Ahmed Abdullah, Mohammed Adel, Sayed Hashem Issa, Hazza Ali
  • ខ្សែបម្រើ៖ Sayed Diaa Saeed, Mohammed Al Hardan, Ali Maden, Mohammed Abdulwahab, Abdulwahab Al-Maloud, Ali Haram, Jassim Al-Shaikh, Kamil Al Aswad, Mohammed Marhoon, Sayed Reda Issa, Issa Jihad,
  • ខ្សែប្រយុទ្ធ៖ Issa Musa, Ahmed Al-Shrooqi, Ismail Abdul Latif, Mohammed Al Rumaihi, Sami Al Husseini, Abdullah Yusuf

បន្ទាប់ពីការប្រកាសបញ្ជីឈ្មោះ ក្រុមនេះនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ពីថ្ងៃទី២៨ ខែសីហា តទៅ មុននឹងជម្រុះមកនៅត្រឹម ២៣នាក់ចុងក្រោយ ដើម្បីត្រៀមទទួលអ៊ីរ៉ាក់ ក្នុងជំនួបបើកឆាកនៅថ្ងៃទី០៥ ខែកញ្ញា នឹងបន្ទាប់មកត្រូវឡើងមកកម្ពុជា ដើម្បីតទល់ជាមួយកម្ពុជា នៅ ៥ថ្ងៃបន្ទាប់។

សូមបញ្ជាក់ថា ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ដដែលខាងលើនេះ កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗដូចជា ជម្រើសជាតិអ៊ីរ៉ង​, ជម្រើសជាតិអ៊ីរ៉ាក់​, ជម្រើសកោះហុងកុង និងជម្រើសជាតិ​បា​រ៉ែ​ន។ ជំនួបបើកឆាក កម្ពុជា ត្រូវប៉ះជាមួយ ហុងកុង ផ្ទាល់នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈក្រុមនេះបានបង្ហាញបញ្ជីឈ្មោះកីឡាកររបស់ខ្លួនរួចរាល់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា មុននឹងបន្តទទួលជំនួបទី២ ជាមួយ បារ៉ែន នៅថ្ងៃទី១០ ខែដដែលនៅពហុកីឡដ្ឋានជាតិ ដូចគ្នា៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់បារ៉ែន – bahrainfa

អត្ថបទ៖ ណារ៉ុង

មតិយោបល់