រស់ សំអឿន៖ ទោះជាប់ជម្រើស ១១នាក់ដំបូង តែខ្លួនទើបធ្វើបាន ៧០% ប៉ុណ្ណោះ

មាស សុផាណារ៉ុង August 27, 2019


 

ភ្នំពេញ៖ ខ្សែការពារក្រុមវិសាខា រស់ សំអឿន ត្រូវបានគ្រូបង្វឹកដាក់ឲ្យលើកដំបូង ក្នុងលីគកំពូលកម្ពុជា ជាមួយជម្រើស ១១នាក់ដំបូង កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈពួកគេបានយកឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ៧-០ ក្នុងសប្ដាហ៍ទី២១។ ប៉ុន្ដែ សំអឿន បានអះអាងថា ខ្លួនធ្វើមិនទាន់បានល្អនោះទេ ពោលគឺទើបធ្វើបាន ៧០% ប៉ុណ្ណោះ។

អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ «ការជាប់ជម្រើស ១១នាក់លើកដំបូងនេះ សម្រាប់ខ្លួនខ្ញុំផ្ទាល់ មិនទាន់ ១០០% ពេញទេ ត្រឹមតែ ៧០% អត់ដូចពីមុន អាចឡើងចុះៗបាននោះទេ។» សំអឿន បន្ដថា ដោយហេតុនេះ រូបគេត្រូវការខិតខំប្រឹងប្រែងបន្ថែមទៀត ទោះបីបានលេង ឬមិនបានលេងនាប្រកួតបន្ទាប់ក៏ដោយ ដើម្បីពង្រឹងសមត្ថភាព ពិសេសស្ដារកម្លាំងតែម្ដង។

ទន្ទឹមជាមួយគ្នាលោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា បានលើកឡើងថា ពេលនេះ សំអឿន មិនទាន់លេង Fit បាន ១០០% ក៏ពិតមែន តែរបួសរបស់គេបានជាហើយ។ ហេតុនេះ ដោយផ្អែកលើបទពិសោធន៍របស់គេ លោកជឿជាក់ថា សំអឿន នឹងអាចលេងបាន ទោះបីគេមានបញ្ហាកម្លាំង និងការធ្វើចលនាក៏ដោយ។ លោកថា «កីឡាករមានបទពិសោធន៍ខ្ពស់ពីមុនមកហើយ ទោះបីគាត់ (សំអឿន) សម្រាកប៉ុណ្ណឹង ក៏គាត់មិនមានបញ្ហា ចំពោះបច្ចេកទេសក្នុងការលេងដែរ តែបញ្ហា គឺពាក់ព័ន្ធនឹងកម្លាំង និងការចលនារបស់គាត់មិនទាន់ Fit ១០០% តែបើការលេង បទពិសោធន៍របស់គាត់ មិនពិបាកលេងទេ ព្រោះគាត់ជាកីឡាករមានបទពិសោធន៍ជ្រៅជ្រះពីមុន។» 

សូមរំឭកថា រស់ សំអឿន បានរងរបួសដាក់សរសៃជង្គង់ តាំងពីពាក់កណ្ដាលឆ្នាំ២០១៨ មកម្លេះ មកទល់ពេលនេះ គឺមានរយៈពេលជាង ១៤ខែហើយ ដែលគេត្រូវសម្រាកព្យាបាល មុនបានបង្ហាញខ្លួនលើកដំបូង ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ និងលើកទី២ បង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ៕

 

រូបភាព៖ ក្លឹបវិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់