នាយកប្រតិបត្តិក្លឹបគិរីដងរែក បង្ហើបពីសម្ភារៈដែលច្នៃយកមកធ្វើកៅអីកីឡាករបម្រុងនៅកីឡដ្ឋានរបស់ខ្លួន

មាស សុផាណារ៉ុង August 26, 2019


 

សៀមរាប៖ បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ ទៅនឹងកីឡដ្ឋានរបស់ក្លឹបពាក់កណ្ដាលអាជីព គិរីដងរែក ដែលកំពុងបង្ហាញភាពស្រស់ស្អាត និងទាក់ទាញ់ លើទឹកដីអង្គរ ខេត្តសៀមរាប កាលពីម្សិលមិញ អ្នកគាំទ្របានចាប់អារម្មណ៍មួយផ្នែកទៀតរបស់កីឡដ្ឋាននេះ គឺកៅអីបម្រុង ដែលត្រូវបានក្លឹបបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន។

ភ្ជាប់ជាមួយការបង្ហោះរូបភាពកៅអីបម្រុង ១សន្លឹក អមដោយសារ «អ្វីដែលតាំងចិត្តធ្វើ ហើយធ្វើចេះពីបេះដូង គឺបានលទ្ធផលជាទីគាប់ចិត្ត» បានទទួលការកោតសរសើរពីអ្នកគាំទ្រស្ទើរគ្រប់គ្នា ចំពោះការខិតខំប្រឹងប្រែង និងការចំណាយធនធានរបស់ម្ចាស់ក្លឹបពាក់កណ្ដាលអាជីពនេះ។ ប៉ុន្ដែអ្នកគាំទ្រភាគច្រើន ប្រហែលមិនទាន់ដឹងនោះទេថា តើកៅអីបម្រុង នៃកីឡដ្ឋានគិរីដងរែកនេះ ច្នៃមកពីអ្វី?

លោក លី សេងហួរ នាយកប្រតិបត្តិក្លិបបាល់ទាត់គីរីដងរែក ធ្លាប់បានបញ្ជាក់ថា កៅអីបម្រុងខាងលើ គឺជាកៅអីរថយន្ដក្រុង ដែលលោកយកមកច្នៃធ្វើជាកៅអីបម្រុង ដើម្បីសម្រួលដល់ក្រុមម្ចាស់ផ្ទះ ក៏ដូចជាក្រុមភ្ញៀវ ពេលមានការប្រកួតកើតឡើងងាយស្រួលក្នុងការប្រើប្រាស់។ លោកថា ទោះបីកៅអីនេះ វាមិនទាន់ស្ដង់ដារណាស់ណា តែវាក៏នឹងផ្ដល់ភាពងាយស្រួលបម្រើឲ្យការប្រកួតដែរ។

គួរបញ្ជាក់ថា កីឡដ្ឋានគិរីដងរែក ត្រូវបានបុរសវ័យក្មេងខាងលើ បោះទុនសាងសង់ប្រមាណជាងកន្លះលានដុល្លារ ដើម្បីសាងសង់។ បច្ចុប្បន្នសាងសង់ជិតរួចរាល់ហើយ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ និងការសរសើរពីមហាជនជាច្រើន រហូតទាក់ចិត្តក្លឹបមួយចំនួន តាមចែចូវកីឡដ្ឋាននេះ យកធ្វើជាទឹកដី សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២០ ផងដែរ។ កីឡដ្ឋាននេះ គ្រោងសង់កន្លែងអង្គុយប្រមាណ ៥,០០០នាក់ ទៅ ៦,០០០នាក់ឯណោះ៕

 

រូបភាព៖ ក្លឹបបាល់ទាត់គិរីដងរែក

អត្ថបទ៖ បុត្រា

មតិយោបល់