U-15 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៨ក្រុមពានអន្តរជាតិនៅចិន

មាស សុផាណារ៉ុង August 26, 2019


 

សៀងហៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ បានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងពានអន្តរជាតិនៅប្រទេសចិន «Jinshan Cup» International Youth Football Championship 2019 ជាផ្លូវការហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម ៨ក្រុមសម្រាប់កម្រិតអាយុក្រោម ១៥ឆ្នាំ។

ទទួលបានចំណាត់ថ្នាក់លេខ៦ គឺបន្ទាប់ពីបានក្លាយជាក្រុមលេខ ៣ប្រចាំពូល B ដែលមានក្រុមជម្រើសរបស់ចិនអាយុក្រោម ១៥ឆ្នាំ, អូស្ត្រាលីខាងលិច អាយុក្រោម ១៥ឆ្នាំ និងក្រុមរបស់បែលហ្សីក Standard de Liege U15 ហើយបញ្ចប់ទៅដោយឈ្នះ១ និងចាញ់២ ពោលគឺ៖

  • ប្រកួតទី១ ចាញ់ ក្រុមជម្រើសរបស់ចិនអាយុក្រោម ១៥ឆ្នាំ ( ៣ទល់០ )
  • ប្រកួតទី២ ចាញ់ ក្រុមរបស់បែលហ្សីក Standard de Liege U15 ( ០ទល់៤ )
  • ប្រកួតទី៣ ឈ្នះ អូស្ត្រាលីខាងលិច អាយុក្រោម ១៥ឆ្នាំ ( ៣ទល់២ )

យោងលើលទ្ធផលនេះ U-15 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៣ និងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ ទល់នឹងក្រុមលេខ៣ ពីពូល A គឺក្រុម Haubei FA U15 ហើយជាលទ្ធផល កម្ពុជា ចាញ់ ៣ទល់១ នាំឲ្យ Haubei FA U15 បានលេខ៥ និង U-15 កម្ពុជា បានលេខ៦។

U15 កម្ពុជា ប្រកួតចុងក្រោយជាមួយ Haubei FA U15

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាព បែបអន្តរជាតិក្រៅផ្លូវការ ដែលមានឈ្មោះថា «Jinshan Cup» International Youth Football Championship 2019 មានក្រុមចំនួន ១២ចូលរួម ស្មើនឹង ៧ប្រទេស ( U-15 មាន ៨ប្រទេស និង U-14 មាន ៤ប្រទេស ) ធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ពីថ្ងៃទី២១ ហើយនឹងបញ្ចប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ ខណៈមកទល់ពេលនេះ ការប្រកួតយកលេខ១ និងធ្វើឡើងនៅយប់នេះ ដែលជាថ្ងៃបិទការប្រកួតតែម្ដង។

សូមរំលឹកជាថ្មីថា ក្រៅតែពីការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីចូលរួមចំណែកវិជ្ជមានដើម្បីជំរុញការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរបាល់ទាត់យុវជន លើសពីនេះទៀតនៅក្នុងព្រឹត្តិការណ៍នេះនឹងមានសកម្មភាពគួរឱ្យរំភើបដូចជាការផ្លាស់ប្តូរវប្បធម៌ និងការបង្ហាត់បង្ហាញបន្ថែមពីគ្រូបង្វឹក ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មស៊ីជម្រៅរបស់កីឡាករបាល់ទាត់ និងគ្រូបង្វឹកយុវជនចិន និងបរទេស ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | voice.hupu

អត្ថបទ៖ ណារ៉ុង

មតិយោបល់