សំបុត្រទស្សនាគោព្រៃកម្ពុជា ប៉ះហុងកុង ចាប់ផ្ដើមលក់ពីថ្ងៃនេះតទៅ

មាស សុផាណារ៉ុង August 26, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសដាក់លក់សំបុត្រចូលទស្សនា ក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិហុងកុង ផ្លូវការហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ ខណៈក្រុមទាំងពីរ នឹងត្រូវជួបគ្នាក្នុងជើងទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា ជុំទី២-តំបន់អាស៊ី (FIFA World Cup Qatar 2022) នាល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ លើទីលានពហុកីឡដ្ឋានជាតិ។

ចំពោះតម្លៃសំបុត្រវិញ គឺរក្សានៅដដែល ដោយសំបុត្រ VIP កន្លែងមានដំបូល និងកៅអីជ័រតម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀល។ ប៉ុន្ដែអ្វីដែលពិសេស ក្នុងជំនួបដ៏សំខាន់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្ដល់សិទ្ធដល់ទូរទស្សន៍ ៣ ដើម្បីធ្វើការផ្សាយផ្ទាល់ រួមមាសទូរទស្សន៍បាយ័ន, BTV-News និងទូរទស្សន៍ ETV។

ក្រឡេកទៅមើលក្រុមទាំងពីរវិញ ពេលនេះក្រុមជម្រើសជាតិហុងកុង បានត្រៀមខ្លួនរួចរាល់ ដើម្បីហោះមកកម្ពុជា បន្ទាប់ពីពួកគេ បានបង្ហាញបញ្ជីឈ្មោះកីឡាករ កាលពីថ្ងៃទី១៧ ខែសីហា។ ចំណែកក្រុមគោព្រៃកម្ពុជា នៅមិនទាន់បង្ហាញបញ្ជីឈ្មោះ ក៏ដូចជាប្រមូលផ្ដុំនោះ ពោលគឺរង់ចាំការប្រកួតជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្របញ្ចប់សិន ដែលតាមគម្រោងគឺនៅថ្ងៃទី២៩ ខែសីហា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់