ក្រុមតារាកម្ពុជា-ថៃ ប៉ះគ្នាថ្ងៃទី២៩-សីហា រំពឹងទទួលបានការគាំទ្រមិនចាញ់ជម្រើសជាតិ

មាស សុផាណារ៉ុង August 23, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់តារាថៃ នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាពសប្បុរសធម៌ ដើម្បីរកថវិកាជូនមូលនិធិគន្ធបុប្ឋាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ខណៈគណៈកម្មការរៀបចំ រំពឹងព្រឹត្តិការណ៍នេះ នឹងទទួលបានការគាំទ្រខ្លាំងពីមហាជន មិនចាញ់ក្រុមអាជីព ឬក្រុមជម្រើសជាតិប្រកួតឡើយ។

លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ខាងលើ បានបញ្ជាក់ថា ទាំងក្រុមបាល់ទាត់តារាកម្ពុជា និងថៃ នឹងបង្ហាញការប្រកួតប្រជែងដ៏ស្វិតស្វាញលើទីលាន បន្ទាប់ពីពួកគេបានហ្វឹកហាត់ត្រៀមយ៉ាងល្អរៀងៗខ្លួន ដើម្បីត្រៀមការប្រកួតមិត្តភាពសប្បុរសធម៌នាសប្ដាហ៍ក្រោយ។ ហេតុនេះលោកជឿជាក់ថា ការប្រកួតនេះនឹងមានការខ្លាំងជាក់ជាមិនខាន។

លោកបន្ដថា ក្រៅពីការជួបគ្នា រវាងក្រុមតារាកម្ពុជា និងថៃ ក៏មានការប្រកួតរវាងក្រុមបឹងកេត និងមហាហង្ស ក៏ដូចជាការប្រគុំតន្ដ្រី ដោយមានការចូលរួមពីតារាល្បីៗកម្ពុជា និងថៃទៀតផង។ ដូច្នេះគណៈកម្មការបានត្រៀមសំបុត្រចូលរួមទស្សនារហូតដល់ទៅ ៤០,០០០សន្លឹកឯណោះ សម្រាប់ត្រៀមស្វាគមន៍អ្នកគាំទ្រជាតិ និងអន្ដរជាតិ ខណៈសំបុត្រ VIP តម្លៃ ១០,០០០រៀល និងសំបុត្រធម្មតាតម្លៃ ៥,០០០រៀល។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ គឺផ្ដួចផ្ដើមឡើងដោយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ ចំពោះថវិកាទទួលបានពីការលក់សំបុត្រ និងការឧបត្ថម្ភនានា ក្រោយសល់ពីការចំណាយ នឹងត្រូវប្រគល់ជូនមូលនិធិគន្ធបុប្ឋាកម្ពុជាទាំងអស់៕

 

រូបភាព៖ ផលិតកម្មមហាហង្ស – Mohahang Production 

អត្ថបទ៖ បុត្រា

មតិយោបល់