ព្រះខ័នរាជស្វាយរៀង បន្ថែមគ្រូអៀរឡង់ម្នាក់ទៀត ខណៈក្រុមមិនទាន់ស្គាល់ចាញ់ក្នុងលីគ

មាស សុផាណារ៉ុង August 23, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ថែមគ្រូបង្វឹកបរទេសម្នាក់ទៀតហើយ គឺគ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Colum Curtis ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមធំរបស់ខ្លួន។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមកាលពីម្សិលមិញ។

ការប្រកាសដំណឹងគួរឲ្យចាប់អារម្មណ៍នេះ គឺស្របពេលក្រុមព្រះខ័នរាជស្វាយរៀង កំពុងរក្សាកំណត់ត្រាដ៏ល្អរបស់ខ្លួន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដោយមិនទាន់ស្គាល់ចាញ់ម្ដងឡើយ ក្រោយឆ្លងកាត់ការប្រកួត ២០សប្ដាហ៍ ឈ្នះ១៦ និងស្មើ៤ មាន ៥២ពិន្ទុឈរកំពូលតារាង ក្រោមការដឹកនាំរបស់គ្រូបង្គោលសញ្ជាតិអៀរឡង់ លោក Conor Nestor។

បើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួន លោក Colum Curtis គឺជាគ្រូបង្វឹកអាជ្ញាប័ណ្ណកម្រិត A ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) និងធ្លាប់មានបទពិសោធន៍ធ្វើគ្រូបង្វឹកក្លឹបមួយចំនួន នាប្រទេសអៀរឡង់ខាងជើង សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន មុនលោកធ្វើដំណើរមកប្រកបអាជីពនៅកម្ពុជា តាមរយៈការចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀងពេលនេះទៀតផង។

គួរដឹងផងដែរថា កាលនៅជាយុវជន លោកបានចំណាយពេល ៥ឆ្នាំជាមួយក្រុមយុវជនបិសាចក្រហម Manchester United នៅប្រចាំប្រទេសរបស់ខ្លួន នាទីក្រុង Belfast និងធ្លាប់ជាប់ជម្រើសជាតិអៀរឡង់ខាងជើង អាយុក្រោម ១៨ឆ្នាំ ជាច្រើនដងផងដែរ។ ក្រៅតែពីជាការកីឡាករ និងបង្វឹកនៅអៀរឡង់ខាងជើង Colum ក៏បានដឹកនាំបង្វឹកយុវជននៅសាលាជាច្រើនដែលមានទំនាក់ទំនងជាមួយក្លឹបល្បីនៅអង់គ្លេសដូចជា Sunderland, QPR និង Brentford ជាដើម ហើយបានបង្វឹកកីឡាករដែលបានចូលរួមជាបន្តបន្ទាប់ក្នុងយុវជនរបស់ក្រុម Manchester United, Liverpool និង Sunderland ផងដែរ។

ព្រះខ័នរាជស្វាយរៀង បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការនាំយកបុរសសញ្ជាតិអៀរឡង់ទី២ មកធ្វើការក្នុងក្លឹប ស្របពេលព្រះខ័នរាជស្វាយរៀង ត្រូវជួបតតាំងជាមួយក្រុមបឹងកេត ក្នុងជើងទី២ នៃលីគកំពូលកម្ពុជា នារសៀលថ្ងៃទី២៤ ខែសីហាស្អែកនេះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ៕

 

រូបភាព៖ ព្រះខ័នរាជស្វាយរៀង

អត្ថបទ៖ បុត្រា

មតិយោបល់