យុវជនសាលាបាល់ទាត់ជាតិបាទី ៣រូប នឹងគ្រូ ១រូប ទៅចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នៅជប៉ុន

មាស សុផាណារ៉ុង August 22, 2019


 

ភ្នំពេញ៖ យុវជនចំនួន ៣រូប នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី រួមជាមួយគ្រូដឹកនាំម្នាក់ នឹងត្រូវធ្វេីដំណេីរទៅប្រទេសជប៉ុនដេីម្បីចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ ( Exchange Program ) នៅក្លឹប Vegalta Sendai ដែលជាក្លឹបនៅលីគកំពូលទី១ របស់ជប៉ុន នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

យុវជនទាំង ៣រូប និងគ្រូដឹកនាំ ១រូប ដែលត្រូវចេញទៅចូលកម្មវិធីដដែលខាងលើនេះ រួមមាន សាប៊ូន វិនតា ( ជាគ្រូជំនួយ នៃក្រុមសាលាបាល់ទាត់ជាតិបាទី ) និងកីឡាករ ថា ចាន់រិទ្ធី ( អ្នកចាំទី ), កីឡាករ អ៊ាន ពិសី ( ខ្សែបម្រើ ) និងកីឡាករ សៀង ចន្ធា ( ខ្សែប្រយុទ្ធ ) ដោយកម្មវិធីនេះ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

នេះជាលើកទី២ ដែលយុវជនពីសាលាបាល់ទាត់ជាតិបាទីត្រូវបានបញ្ចូនទៅចូលរួមកម្មវិធីនេះ ខណៈកីឡាករទាំង ៣នាក់ នឹងចូលរួមវគ្គហ្វឹកហាត់ ក៏ដូចជាចូលរួមជាមួយយុវជន Vegalta Sendai ដើម្បីធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំផងដែរ។ លើសពីនេះទៅទៀតយុវជនទាំង ៣រូបក៏ត្រូវបានផ្តល់ឱកាសឲ្យសង្កេតមើលការហ្វឹកហាត់ របស់ក្រុមធំនៃក្លឹប Vegalta Sendai ដែលជាសមាជិកនៃលីគកំពូលជប៉ុនផងដែរ និងចូលរួមទស្សនាការប្រកួតលីគកំពូលជប៉ុន ( J-League 1 ) ក៏ដូចជាផ្លាស់បទពិសោធន៍វប្បធម៌ជប៉ុន នៅក្រៅទីលានថែមទៀតផង។

ដោយឡែកគ្រូបង្វឹក ដែលអមដំណើរកីឡាករក៏ត្រូវបានផ្តល់ឱកាសដើម្បីចូលរួមជាមួយសាលាបាល់ទាត់ ដែលរៀបចំឡើងដោយក្លឹប Vegalta Sendai ដូចគ្នា ក្នុងអំឡុងពេលស្នាក់នៅ និងចំណាយពេលនៅទីក្រុង Sendai នេះ។

គួរដឹងថា កាលពីឆ្នាំ២០១៨ កម្ពុជា បានបញ្ជូនកីឡាករ ៣រូប ទៅចូលរួមកម្មវិធីខាងលើម្ដងរួចមកហើយ ក្នុងនោះមាន សៀង ចន្ធា, ទៀត គឹមហេង និង ហ៊ុល គឹមហ៊ុយ នឹងអមដំណើរដោយគ្រូបង្វឹក លោក ឡុង រិទ្ធា។

តាមរយៈសេចក្ដីជូនដំណឹងនេះផងដែរ ក៏ចាត់ទុកជាការបញ្ចប់មន្ទិលសង្ស័យរបស់អ្នកគាំទ្រ ដែលមានការយល់ច្រឡំថា សៀង ចន្ធា ត្រូវបានផ្ទេរទៅលេងឲ្យក្លឹប Vegalta Sendai កាលពីពេលថ្មីៗ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | Vegalta Sendai

អត្ថបទ៖ ណារ៉ុង 

មតិយោបល់