ស.ប.ក កំណត់ថ្ងៃបង្ហាញឈ្មោះកីឡាករគោព្រៃកម្ពុជា ត្រៀមប៉ះហុងកុង ថ្ងៃទី៥ កញ្ញា

មាស សុផាណារ៉ុង August 22, 2019


 

ភ្នំពេញ៖ សល់ ២សប្ដាហ៍ទៀតប៉ុណ្ណោះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមជម្រើសជាតិហុងកុង បើកឆាកពូល C នៃវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក នៅកាតា ឆ្នាំ២០២២ ( FIFA World Cup Qatar 2022 ) ពោលគឺនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ។

ទន្ទឹមជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) ក៏បានកំណត់ថ្ងៃ នឹងប្រកាសបញ្ជីឈ្មោះបឋមក្រុមជម្រើសជាតិកម្ពុជាផងដែរ ដោយគ្រោងនឹងបង្ហាញបញ្ជីឈ្មោះ នាថ្ងៃទី២៩ ខែសីហា ក្រោយបញ្ចប់ការប្រកួតជើងទី២ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គជម្រុះ ១/៤ ផ្ដាច់ព្រ័ត្រ។

ដូច្នេះបន្ទាប់ពីការបង្ហាញបញ្ជីឈ្មោះបឋម ក្រុមជម្រើសជាតិកម្ពុជា មានពេលត្រឹម ១សប្ដាហ៍ប៉ុណ្ណោះ ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមតតាំងជាមួយក្រុមជម្រើសជាតិហុងកុង ក្នុងជើងទី១ នៃថ្ងៃទី០៥ ខែកញ្ញា និងមុនបន្ដបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិបារ៉ែន ដែលជាប្រកួតទី២ ក្នុងពូល C នាថ្ងៃទី១០ ខែកញ្ញាខាងមុខ។

សូមរំឭកថា សម្រាប់ការប្រកួតជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup Qatar 2022 ក្រុមគោព្រៃកម្ពុជា គឺស្ថិតក្នុងពូល C ជាមួយក្រុមខ្លាំងៗ ៤ក្រុមទៀត រួមមានក្រុមជម្រើសជាតិអ៊ីរ៉ង់, អ៊ីរ៉ាក់, បារ៉ែន និងហុងកុង ហើយការប្រកួតនឹងធ្វើឡើង ២ជើងទៅវិញទៅមក ដើម្បីកំណត់យកក្រុមមានពិន្ទុខ្ពស់ជាងគេ ឡើងទៅវគ្គបន្ដ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់