កាន់តែកៀកទៅលើកពាន លោក Conor Nestor ថា៖ «យើងកំពុងគិតអំពីពានរង្វាន់ហើយ»

មាស សុផាណារ៉ុង August 20, 2019


 

ស្វាយរៀង៖ លោក Conor Nestor គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហើប «យើងកំពុងគិតអំពីពានរង្វាន់លីគកំពូលកម្ពុជាហើយ» ក្រោយបន្តឈ្នះក្នុងជំនួបសប្ដាហ៍ទី២០ នៃលីគកំពូលកម្ពុជា លើ ខេត្តកំពង់ចាម ៥ទល់០ កាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅថ្មីៗនេះ។

នេះគឺជាជ័យជម្នះដទៃទៀត និងជាកំណត់ត្រាដទៃទៀតនៅរដូវកាល ២០១៩ នេះ ក្នុងនាមជាក្រុមមិនដែលស្គាល់ពាក្យថាទាល់តែសោះ ហើយក៏កាន់តែកៀកទៅសម្លឹងការលើកពានលីគជាលើកទី២ បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៣ គ្រាដែលការប្រកួតនៅសល់ចំនួន ៦ប្រកួតទៀត។

មានយោបល់ជុំវិញពានរង្វាន់លីគកំពូលកម្ពុជា គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះបានបញ្ជាក់ថា៖ «យើងដឹងថានៅសល់ ៦ ប្រកួតទៀត ប្រសិនបើយើងឈ្នះការប្រកួតក្នុងផ្ទះដែលនៅសល់ ៣ របស់យើង ពេលនោះ ណាហ្គាវើលដ៍ ឬវិសាខា ត្រូវតែឈ្នះរាល់ការប្រកួតដែលនៅសល់របស់ពួកគេទាំង ៦ ដើម្បីឈ្នះលីគ។ នោះនឹងរួមបញ្ចូលការយកឈ្នះលើយើងផងដែរ។ ដូច្នេះជាការពិត យើងកំពុងគិតអំពីពានរង្វាន់លីគកំពូលហើយ យើងចង់អោយអ្នកគាំទ្ររបស់យើងសុបិន្តអំពីថ្ងៃដែលនឹងអាចកើតឡើងនោះ។»

ប៉ុន្តែយ៉ាងណាមិញ លោក Conor Nestor ក៏បានបន្ថែមថា៖ «ប៉ុន្តែសម្រាប់យើង ក្នុងន័យវិជ្ជាជីវៈ យើងដឹងថាទាំងណាហ្គាវើលដ៍ និងវិសាខា មានសមត្ថភាពឈ្នះ ៦ ប្រកួតចុងក្រោយរបស់គេ។ នេះគឺជាការគោរពនោះចំពោះគូប្រជែងរបស់យើង ដែលជំរុញឲ្យយើងកាន់តែប្រសើរជារាល់ថ្ងៃជាងយើងកាលពីម្សិលមិញ។ យើងបន្តប្រកួតពីមួយប្រកួតទៅមួយប្រកួត រហូតដល់ការងារត្រូវបានបញ្ចប់។»

នៅពេលដែលចោទសួរអំពី តើប៉ុន្មានភាគរយដែលលោកសង្ឃឹម?  លោកបានឆ្លើយតបយ៉ាងដូច្នេះថា៖ «ខ្ញុំមិនសង្ឃឹម ការងាររបស់ខ្ញុំគឺប្រឹងប្រែងរហូតដល់យើងធ្វើវាបាន ហើយការការរបស់ខ្ញុំគឺ ១០០ភាគរយ ពីព្រោះនាមជាគ្រូបង្វឹក ខ្ញុំត្រូវតែធ្វើការងាររបស់ខ្ញុំដើម្បីម្ចាស់ក្លឹប ដើម្បីអ្នកគាំទ្រ និងក៏សម្រាប់កីឡាករដែលគួរតែទទួលបានជោគជ័យ។»

គួរដឹងថា ក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអៀកឡង់មួយនេះ នៅតែបន្តឈរនៅកំពូលតារាងដដែល ដោយមាន ៥២ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ២០ដង ក្រោយឈ្នះ១៦ ស្មើ៤ និងអ្វីដែលសំខាន់មិនដែលស្គាល់ពាក្យថាចាញ់ទាល់តែសោះ និងត្រូវការឈ្នះតែ ៤ប្រកួតប៉ុណ្ណោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់