ក្រុមនៅពូលជាមួយ U-18 កម្ពុជា កង់ហ្គូរូអូស្រាលី លើកពាន AFF U-18 Championship 2019

មាស សុផាណារ៉ុង August 20, 2019


 

វៀតណាម៖ ក្រុមជម្រើសជាតិអូស្ដ្រាលីអាយុក្រោម ១៨ឆ្នាំ បានលើកពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) ជាផ្លូវការក្រោយយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ១៨ឆ្នាំ ដោយលទ្ធផល ១ទល់០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងហូជីមិញ កាលពីយប់មិញ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ បេក្ខភាពវគ្គផ្ដាច់ព្រ័ត្រទាំង ២ក្រុម សុទ្ធតែស្ថិតក្នុងពូល B ជាមួយក្រុមជម្រើសជាតិ U-18 កម្ពុជា។ តែមុនជួបគ្នាដណ្ដើមជើងឯក ក្រុមទាំងពីរបានទម្លាក់ក្រុមលេខ១ និងលេខ២ ពូល A ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះម៉ាឡេស៊ី បានយកឈ្នះឥណ្ឌូនេស៊ី ៤ទល់៣ និងអូស្ដ្រាលី ទម្លាក់មីយ៉ាន់ម៉ា ដោយលទ្ធផល ២ទល់១។

អ្វីដែលពិសេស គឺអ្នកគាំទ្រម៉ាឡេស៊ីបានខកចិត្តជាខ្លាំង ចំពោះក្រុមជម្រើសជាតិ U-18 ម៉ាឡេស៊ី ដែលធ្លាប់យកឈ្នះក្រុម U-18 អូស្ដ្រាលី ៣ទល់០ កាលពីជួបគ្នាក្នុងពូល បែរជាមិនត្រូវបរាជ័យ ១ទល់០ ក្រោមថ្វីជើងក្រុមកីឡាករមាឌធំអូស្ដ្រាលី ក្នុងវគ្គដ៏សំខាន់ ដែលធ្វើឲ្យក្រុម U-18 អូស្ដ្រាលី តាមទាន់កំណត់ត្រាថៃ ជាមួយការក្លាយជាម្ចាស់ពាន AFF U-18 Championship ជាលើកទី៥។

ដោយឡែកនៅថ្ងៃជាមួយគ្នា កាលពីម្សិលមិញ ក្រុមជម្រើសជាតិ U-18 ឥណ្ឌូនេស៊ី បានលត់ក្រុម U-18 មីយ៉ាន់ម៉ា យ៉ាងចាស់ដៃ ៥ទល់០ ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ប្រចាំព្រឹត្តិការណ៍បាល់ទាត់យុវជនប្រចាំតំបន់អាស៊ាននេះ។

ពិធីប្រគល់ពានរង្វាន់ជ័យលាភីនេះដែរ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ខៀវ សាម៉េត ប្រធានសមាគមកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕

 

រូបភាព៖ ASEAN Football

អត្ថបទ៖ បុត្រា

មតិយោបល់