គ្រូបណ្ដោះអាសន្នវិសាខា ថានៅតែមានសង្ឃឹមប្រជែងពានលីគកំពូលកម្ពុជា ទោះមានគម្លាត ៨ពិន្ទុពីក្រុមកំពូលតារាង

មាស សុផាណារ៉ុង August 21, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកបណ្ដោះអាសន្ននៃក្លឹបបាល់ទាត់វិសាខា លោក Akeeb Tunji Ayoyinka បានបង្ហើបចំណាប់អារម្មណ៍ជុំវិញឱកាសប្រជែងពានលីគកំពូលកម្ពុជា រដូវកាល២០១៩ ថានៅតែមានសង្ឃឹមប្រជែងពាន បន្ទាប់ពីសប្ដាហ៍ទី​២០ បានត្រឹមស្មើជាមួយ បឹងកេត ក៏ដោយ។

បឹងកេត ជាមួយ វិសាខា កាលពីចុងសប្ដាហ៍កន្លងទៅ ( រូបភាព – Boeung Ket Football Club )

វិសាខា បានស្មើជាមួយ បឹងកេត ដោយលទ្ធផល ១ទល់១ ខណៈពេលដែលគូប្រជែងដ៏ធំជាងគេរបស់ខ្លួន ព្រះខ័នរាជស្វាយរៀង បន្តយកឈ្នះគូប្រកួត និងបង្កើនពិន្ទុនាំមុខរហូតដល់ ៨ពិន្ទុ ខណៈការប្រកួតនៅសល់ ៦ប្រកួតទៀតនឹងបញ្ចប់។

បែបនេះក្ដី លោក Akeeb Tunji Ayoyinka បានលើកឡើងថា៖ «ពិតណាស់ យើងមិនអាចនិយាយបានថាយើងអស់សង្ឃឹមនៅឡើយទេ បើទោះបីជាយើងបាត់ ២ពិន្ទុក៏ដោយ។ ជាមួយគ្នាផងដែរ យើងត្រូវតែព្យាយាមឲ្យអស់ពីលទ្ធភាព តតាំងឲ្យខ្លាំងជាងនេះ នឹងប្រាកដថាយើងនឹងអាចឈ្នះគ្រប់ការប្រកួតដែលនៅសេសសល់ វាមិនមែនជារឿងងាយឡើយ ពីព្រោះយើងត្រូវជួបជាមួយ ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើលដ៍ និងក្រសួងការពារជាតិ ជាដើម ខ្ញុំដឹងថាក្រុមទាំងនេះគឺសុទ្ធតែជាក្រុមខ្លាំង ហើយយើងព្យាយាមឲ្យខានតែបាន ដើម្បីរក ៣ពិន្ទុពីការប្រកួតទាំងនេះ។»

គួរដឹងថា វិសាខា បច្ចុប្បន្នកំពុងឈរនៅលេខ៣ នៃតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា ដោយមាន ៤៤ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ២០ដង ក្រោយឈ្នះ១៤ ស្មើ២ និងចាញ់៤ ស្មើជាមួយក្រុមលេខ២ ណាហ្គាវើលដ៍ ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញ និងកំពុងតាមពីក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ៨ពិន្ទុ។

បើក្រឡេមកមើល ៦ប្រកួតចុងក្រោយរបស់វិសាខា គឺត្រូវប៉ះ យុវជនសាលាបាល់ទាត់ជាតិបាទី ចុងសប្ដាហ៍នេះ, បន្ទាប់មកជួប ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង, អាស៊ីអឺរ៉ុបយូណាយធីត, ណាហ្គាវើលដ៍ និងចុងក្រោយ អគ្គស្នងការដ្ឋាននគរបាលជាតិ៕

 

រូបភាព៖ វិសាខា & បឹងកេត

អត្ថបទ៖ ណារ៉ុង

មតិយោបល់