ជើងទី១ វគ្គ ៨ក្រុមចុងក្រោយពានសម្តេចតេជោ ហ៊ុន សែន ម្ចាស់ផ្ទះឈ្នះក្រុមភ្ញៀវទាំងអស់

មាស សុផាណារ៉ុង August 14, 2019


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គ ៨ក្រុមចុងក្រោយ បានបញ្ចប់ការប្រកួតជើងទី១ ចំនួន ៣គូនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមានលទ្ធផលឈ្នះចាញ់ រៀងៗខ្លួន នៅជើងទី១ ពោលគឺម្ចាស់ផ្ទះសុទ្ធតែទទួលបានជ័យជម្នះ ទាំងអស់។

ការប្រកួតដំបូងគេរវាងម្ចាស់ផ្ទះ បឹងកេត ជាមួយ សូលទីឡូអង្គរ នៅកីឡដ្ឋានខេមបូឌានអ៊ែវ៉េ បានបញ្ចប់ទៅដោយបឹងកេត ឈ្នះក្នុងលទ្ធផល ២ទល់០ ដោយគ្រាបើបាល់ទាំងពីរគ្រាប់សុទ្ធតែរកបានដោយកីឡាករ ចាន់ វឌ្ឍនាកា នៅវគ្គទី១ មួយគ្រាប់ និងវគ្គទី២ មួយគ្រាប់។

ការប្រកួតមួយគូទៀត គឺជាការជួបគ្នារវាង ម្ចាស់ផ្ទះវិសាខា ជាមួយ គីរីវង់សុខសែនជ័យ ធ្វើឡើងនៅកីឡដ្ឋានវិសាខា បានបញ្ចប់ដោយ វិសាខា យកឈ្នះ គីរីវង់សុខសែនជ័យ ដោយលទ្ធផល ៤ទល់២ ក្នុងនោះ ៤គ្រាប់របស់វិសាខា រកបានដោយកីឡាករ កែវ សុខផេង ២គ្រាប់ម្នាក់ឯង និងកីឡាករ ឆេង ម៉េង ជាមួយ ទិត្យ ឌីណា រកបានម្នាក់ ១គ្រាប់ ខណៈ ២គ្រាប់របស់គីរីវង់សុខសែនជ័យ វិញធ្វើបានដោយកីឡាករ សំ តារា និង ជូ ហាវ ម្នាក់មួយគ្រាប់។

រីឯការប្រកួតរវាង ក្រសួងការពារជាតិ ជាមួយ ភ្នំពេញក្រោន នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) បានបញ្ចប់ទៅដោយ ក្រសួងការពារជាតិ យកឈ្នះ ភ្នំពេញក្រោន ១ទល់០ ជាមួយនឹងគ្រាប់បាល់មួយគ្រាប់ធ្វើបានដោយកីឡាករ ណារ៉ុង កក្កដា។

សូមបញ្ជាក់ថា ក្រុមទាំង ៣នឹងត្រូវប្រកួតម្ដងទៀតសម្រាប់ការផ្លាស់ប្ដូរទឹកដី ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែសីហាខាងមុខ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់