ពូល B នៃពាន AFF U-18 ប្ដូរម៉ោងមកប្រកួតដំណាលគ្នាបន្ទាប់ពីស្ថានភាពប្រជែងកំពុងតានតឹង

មាស សុផាណារ៉ុង August 14, 2019


វៀតណាម៖ ការប្រកួតដណ្ដើមពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) សម្រាប់ពូល B ត្រូវបានគណៈកម្មាការរៀបចំការប្រកួតក្នុងពានរង្វាន់នេះសម្រេចប្ដូរម៉ោងប្រកួតមកប្រកួតដំណាលគ្នាវិញ បន្ទាប់ពី ៣ក្រុមនៅក្នុងពូលនេះកំពុងមានការប្រជែងយ៉ាងតានតឹង។

៣ ក្រុមនៃពូលនេះកំពុងមានពិន្ទុប្រទាញប្រទង់គ្នាខ្លាំង រវាងម៉ាឡេស៊ី,  អូស្ត្រាលី និងម្ចាស់ផ្ទះវៀតណាម ដែលមានពិន្ទុប្រកៀកប្រកិតគ្នា និងត្រូវកាត់សេចក្ដីនៅប្រកួតចុងក្រោយនេះផ្ទាល់តែម្ដង ចំពេលដែលក្រុមទាំង ៣នឹងមិនត្រូវតតាំងជាមួយគ្នាថែមទៀតផង។ ការណ៍នេះត្រូវបានគណៈកម្មាការរៀបចំការប្រកួត សម្រេចធ្វើការផ្លាស់ប្ដូរពេលវេលាប្រកួត ក៏ដូចជាទីលានប្រកួត សម្រាប់ប្រកួតចុងក្រោយប្រចាំពូល B ដែលមាន U-18 ម្ចាស់ផ្ទះវៀតណាម, ថៃ, អូស្ត្រាលី, ម៉ាឡេស៊ី, កម្ពុជា និងសិង្ហបុរី បន្ទាប់ពីមើលឃើញថាកំពុងមានភាពតាន់តឹងលើក្រុមចំនួន៣ និងដោយអាស្រ័យលើបទបញ្ញាតិនៃការប្រកួត ក្នុងមាត្រា ៩.១.៦ បានបង្ហាញថា «គណៈកម្មាការរៀបចំការប្រកួត មានសិទ្ធិផ្លាស់ប្ដូរកម្មវិធីប្រកួតចុងក្រោយ នៃពូលណា ដែលការប្រកួតនោះត្រូវបានចាត់ទុកថាអាចមានផលប៉ះពាល់ដល់លទ្ធផលដែលមិនទាន់ដាច់ស្រេច, នោះគេមានសិទ្ធិកែប្រែពេលវេលាប្រកួតក្នុងពេលតែមួយ និងនៅកន្លែងផ្សេងពីគ្នា។» ដូចនេះ គណៈកម្មាការរៀបចំការប្រកួត សម្រេចប្ដូរពេលវេលា និងទីលាន ៣ប្រកួតចុងក្រោយមកប្រកួតនៅម៉ោង ៤:០០ នាទីរសៀលវិញនៅលើកីឡដ្ឋាន ៣ផ្សេងៗពីគ្នា។

ត្រឹមប្រកួតទី៤ នេះម៉ាឡេស៊ី មាន ៩ពិន្ទុ ស្មើគ្នាជាមួយអូស្ត្រាលី ប៉ុន្តែខុសគ្នាត្រង់គ្រាប់បាល់ចំណេញ ស្របពេលដែលវៀតណាម កំពុងមាន ៧ពិន្ទុក្នុងដៃ។

សម្រាប់ការប្រកួតថ្ងៃចុងក្រោយ សិង្ហបុរី ត្រូវប៉ះជាមួយ អូស្ត្រាលី នៅកីឡដ្ឋាន Binh Duong, វៀតណាម ត្រូវប៉ះជាមួយ កម្ពុជា នៅកីឡដ្ឋាន Thong Nhat, ថៃ ត្រូវប៉ះជាមួយ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thanh Long។ បញ្ជាក់ថា សម្រាប់កម្ពុជា, ថៃ និងសិង្ហបុរី បានអស់ឱកាសឡើងទៅវគ្គបន្តហើយ បើទោះបីជាប្រកួតចុងក្រោយអាចយកឈ្នះគូប្រកួតរៀងៗខ្លួនក៏ដោយ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | VFF

អត្ថបទ៖ ណារ៉ុង

មតិយោបល់