បាល់ទាត់នារីកម្ពុជា ប្រកួតកម្ដៅសាច់ដុំជាមួយថៃ មុនប្រកួត AFF Women’s Championship 2019

មាស សុផាណារ៉ុង August 14, 2019


 

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា បានទៅដល់ប្រទេសថៃហើយ ហើយក៏កំពុងសម្រុកហ្វឹកហាត់នៅទីនោះ ដើម្បីត្រៀមការប្រកួតពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ( AFF Women’s Championship 2019 ) ផងដែរ។

លោក ចាន់ មិថុនា មន្ដ្រីព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា បានទៅដល់ថៃ កាលពីថ្លៃទី១០ ខែសីហា និងបានធ្វើការហ្វឹកហាត់នៅថ្ងៃបន្ទាប់។ អ្វីដែលពិសេសនៅថ្ងៃទី១២ ខែសីហា ក្រុមជម្រើសជាតិនារីកម្ពុជា បានធ្វើការប្រកួតដកស្រង់បច្ចេកទេស ជាមួយក្រុមខ្លាំងថៃមួយ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតផ្លូវការទៀតផង។

លោកបន្ដថា ជារួមរយៈពេល ៤ថ្ងៃមកនេះ ក្រុមជម្រើសជាតិនារីកម្ពុជា បានសម្រុកហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក អ៊ុំ សាវង្ស សម្រាប់ត្រៀមការប្រកួតផ្លូវការរបស់ខ្លួន ដែលនឹងចាប់ផ្ដើមការប្រកួត នាថ្ងៃសុក្រនេះ។ ប៉ុន្ដែចំពោះពូល A នឹងចាប់ផ្ដើមការប្រកួតមុន នៅថ្ងៃទី១៥ ខែសីហាស្អែកនេះ។

គួរបញ្ជាក់ថា បេសកកម្មនេះ ក្រុមបាល់ទាត់នារីកម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ៣ក្រុម គឺវៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។ រីឯកម្មវិធីប្រកួត រួមមានថ្ងៃទី១៦ ខែសីហា កម្ពុជា ត្រូវប៉ះវៀតណាមមុនគេ បន្ទាប់មកទើបជួបមីយ៉ាន់ម៉ា នាថ្ងៃទី១៨ ខែសីហា និងចុងក្រោយប្រកួតជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី នាថ្ងៃទី២០ ខែដដែល នៅខេត្តឈុនបូរី ប្រទេសថៃ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់