គ្រូបង្វឹកបណ្ដោះអាសន្នវិសាខា ទទួលស្គាល់ពីការរៀបចំដ៏ល្អរបស់គិរីវង់ ប៉ុន្ដែហាក់គ្មានក្ដីបារម្ភខ្លាំង

មាស សុផាណារ៉ុង August 14, 2019


 

ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ នឹងចាប់ផ្ដើមការប្រកួតជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រថ្ងៃនេះហើយ ដោយមាន ៣ប្រកួតសុទ្ធតែជាគូជក់ចិត្ត ប៉ុន្ដែអ្នកគាំទ្រកំពុងចាំអ៊ុត តើគិរីវង់សុខសែនជ័យ អាចផ្ដល់ភាពជូរចត់ដល់វិសាខា ដូចណាហ្គាវើលដ៏ដែរឬក៏យ៉ាងណា?

វិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យ នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានវិសាខា ហើយអ្នកគាំទ្រក៏ហាក់ចាប់អារម្មណ៍ ចំពោះការប្រកួតនេះដែរ ព្រោះវិសាខា គឺជាក្រុមសម្បូរកីឡាករជម្រើសជាតិ ខណៈគិរីវង់ ក៏ជាក្រុមកំពុងឡើងជើងខ្លាំង ពិសេសក្រោយពួកគេទម្លាក់ក្រុមលោក មាស ចាន់ណា ត្រឹមវគ្គ ១៦ក្រុមចុងក្រោយតែម្ដង។

យ៉ាងណា លោក Akeeb Tunji Ayoyinka គ្រូបង្វឹកបណ្ដោះអាសន្នវិសាខា បានទទួលស្គាល់ពីការរៀបចំដ៏ល្អរបស់គិរីវង់ ប៉ុន្ដែលោកហាក់គ្មានក្ដីបារម្ភឡើយ ព្រោះលោកជឿជាក់លើកូនក្រុម និងការត្រៀមដ៏ល្អរបស់ខ្លួន។ អ្វីដែលពិសេស លោករីករាយ ក្រោយចាប់ឆ្នោតបានធ្វើជាម្ចាស់ផ្ទះមុន ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣។

បុរសនីហ្សេរីយ៉ារូបនេះ និយាយថា៖ «ពួកយើងបានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតជាមួយគិរីវង់ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃពុធនេះ។ ពួកយើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកគ្រាប់បាល់ ទៅតាមអ្វីដែលអាចធ្វើបាន ព្រោះវាជាផលចំណេញមួយ សម្រាប់ការប្រកួតក្នុងដី ដែលយើងមានឱកាសអាចរកគ្រាប់បាល់ច្រើនជាងការប្រកួតក្រៅដី។»

សូមរំឮកថា មុនជួបគ្នាល្ងាចនេះ វិសាខា បានទម្លាក់ក្រុមនគរបាលជាតិ ដោយលទ្ធផលសរុបទាំងពីរជើង ១០ទល់០ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ខណៈគិរីវង់សុខសែនជ័យ បានទម្លាក់ក្រុមជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ណាហ្គាវើលដ៏ ដោយលទ្ធផលសរុបទាំងពីរជើង ២ទល់១៕

ដូច្នេះចាំមើលល្ងាចនេះ តើវិសាខា ឬគិរីវង់ នឹងរកបានជ័យជម្នះមុន សម្រាប់ធ្វើដើមទុន ត្រៀមការប្រកួតជើងទី២ នាថ្ងៃទី២៨ ខែសីហាខាងមុខ?

 

រូបភាព៖ វិសាខា – Visakha Football Club

អត្ថបទ៖ បុត្រា

មតិយោបល់