ពានរង្វាន់បាល់ទាត់ក្នុងសាល ឆ្នាំ២០១៩ រកឃើញ ១០ក្រុមចុងក្រោយឡើងទៅដំណាក់កាលទី២

មាស សុផាណារ៉ុង August 13, 2019


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល ប្រចាំឆ្នាំ២០១៩ ( National Futsal Cup 2019 ) បានបញ្ចប់ការប្រកួតក្នុងដំណាក់កាលទី១ ជាផ្លូវការ និងបានរកឃើញក្រុមឡើងទៅដំណាក់កាលទី២ ផងដែរ។

ការប្រកួតកាលពីដំណាក់កាលទី១ មានក្រុមចំនួន ២០ ចូលរួមប្រកួត ដោយបែងចែកចេញជា ៤ពូល ក្នុងនោះមួយពូលមាន ៥ក្រុម ប្រកួតសន្សំពិន្ទុ ជ្រើសរើសក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ និងលេខ៣ល្អ ចំនួន ២ ក្រុមទៀតដើម្បីលេងក្នុងដំណាក់កាលទី២ នេះ ដោយឆ្លងកាត់ការប្រកួតដែលមានសរុបទាំងអស់ ៦៤ប្រកួត បានចាប់ផ្ដើមតាំងពីថ្ងៃទី១៣ ខែកក្កដា។

ក្រុមដែលបានឡើងទៅវគ្គបន្តរួមមាន សសយក កំចាយមារ, ឱម៉ាល់, ហូមស្បត, ដោនថោនស្បត, ឆន្ទះកីឡា, យ៊ាំងហ្គ័ន ( Young Gun ), អាណាចក្របៃតង, ផេនដា, ឡូដឌីង និង ប៊ីអេ យូណាយធីត។ ក្រុមទាំង ១០ខាងលើនេះ ក៏ត្រូវបានចាប់ឆ្នោតបែងចែកពូលរួចរាល់ផងដែរ ជាមួយនឹងការបែងចែកចេញជា ២ពូល និង ១ពូល មាន ៥ក្រុម។

សម្រាប់ក្រុមដែលមានឱកាសឡើងទៅដំណាក់កាលទី២ រួមមាន៖

សូមបញ្ជាក់ផងដែរថា នេះគឺជារដូវកាលទី៣ ហើយដែលពានរង្វាន់បាល់ទាត់ក្នុងសាលត្រលប់មកប្រកួតសារជាថ្មី បន្ទាប់ពីបាត់មុខអស់ជាច្រើនឆ្នាំ។ ចំពោះការប្រកួតពានរង្វាន់ជើងឯកជាតិ បាល់ទាត់ក្នុងសាល ឆ្នាំ ២០១៩នេះផងដែរ ក៏នឹងមានផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ MYTV ផ្តាច់មុខ គ្រប់ការប្រកួតដែលធ្វើឡើងនៅមជ្ឈមណ្ឌលកីឡា The BLUE។

ត្រលប់មកវិញកាលពីឆ្នាំ២០១៧ ពានរង្វាន់នេះធ្វើការប្រកួតជាលក្ខណៈថ្នាក់ជាតិ មានក្រុមចូលរួមច្រើន និងបែងចែកពូល ប្រកួតច្រើនដំណាក់កាល រហូតដល់រកជើងឯកគឺបានទៅលើ ក្រុមស.ស.យ.ក កំចាយមារ ស្របពេលដែលរដូវកាលទី២ ឆ្នាំកន្លងទៅ ប្រកួតជាលក្ខណៈលីគវិលជុំសន្សំពិន្ទុវិញ ជាមួយនឹងក្រុមចំនួន១០ចូលរួមប្រកួត លទ្ធផលជើងឯកគឺបានទៅលើក្រុម ដោនថោនស្បត ( Down Town Sport ) ដែលទើបតែបញ្ចប់ភារកិច្ចតំណាងកម្ពុជា ប្រកួតក្នុងពានក្លឹបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Futsal Club Championship 2019 ) នៅប្រទេសថៃ៕

 

រូបភាព៖ Cambodia Futsal

អត្ថបទ៖ ណារ៉ុង

មតិយោបល់