U-18 កម្ពុជា ជួប U-18 សិង្ហបុរី ដើម្បីកំណត់ជោគវាសនាឡើងវគ្គបន្ត ប្រចាំពូល B រសៀលនេះ

មាស សុផាណារ៉ុង August 13, 2019


 

ហូជីមិញ៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ នឹងបន្តការប្រកួតទី៤ របស់ខ្លួនក្នុងពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship 2019 ) ដែលនឹងត្រូវជួបក្រុម U-18 សិង្ហបុរី។

ការប្រកួតរវាងក្រុមទាំងពីរ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៤:៣០ នាទីរសៀលដដែល នាកីឡដ្ឋាន Thong Nhat Stadium ដោយនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ហង្សមាស ផងដែរ ខណៈការប្រកួតនេះគឺជាការប្រកួតកាត់សេចក្ដីសម្រាប់ក្រុមកម្ពុជា ដើម្បីសម្រេចថាអាចឡើងទៅកាន់វគ្គបន្ត ( វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ) បន្ទាប់ពី ៣ប្រកួតកន្លងមក ឈ្នះ១ និងចាញ់២ ស្របពេលដែលការប្រកួតនៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ បើសិនជាកម្ពុជា ឈ្នះ នោះអាចនៅមានឱកាសអ៊ុតបន្តទៀត ប៉ុន្តែក៏ត្រូវរង់ចាំមើលគូប្រកួតដែលកំពុងមានប្រៀបជាងដូចជាអូស្ត្រាលី, ម៉ាឡេស៊ី ជាមួយ វៀតណាម ដែលត្រូវការឈ្នះនៅត្រឹមប្រកួតទី៤ នេះ គឺអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។

ប៉ុន្តែបើសិនជាកម្ពុជា រង់បរាជ័យនៅថ្ងៃនេះ នោះនឹងអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទោះបីជាប្រកួតចុងក្រោយអាចយកឈ្នះគូប្រកួតក៏ដោយ។

សិង្ហបុរី ប្រកួតជាមួយ វៀតណាម ( រូបភាព៖ VFF )

មុនជួបគ្នារសៀលទាំង U-18 កម្ពុជា និង U-18 សិង្ហបុរី សុទ្ធតែធ្វើបានលទ្ធផលប្លែកខុសពីគ្នាកាលពីប្រកួតដំបូង ប្រចាំពូល B នេះពោលគឺ កម្ពុជា បានប្រកួតឈ្នះ១ និងចាញ់២ ខណៈសិង្ហបុរី ប្រកួតស្មើ១ និងចាញ់២ ស្របពេលដែលពិន្ទុ កម្ពុជា ក៏មានប្រៀបជាងដោយកាន់ ៣ពិន្ទុក្នុងដៃឈរនៅលេខ៤ រីឯសិង្ហបុរី មានតែ១ ពិន្ទុប៉ុណ្ណោះ និងស្ថិតនៅបាតតារាង។

តារាងចំណាត់ថ្នាក់ពេញលេញសម្រាប់ពូល B៖

សូមបញ្ជាក់ផងដែរថា ចំពោះបេសកកម្មប្រកួតពានរង្វាន់ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម នេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះវៀតណាម ម៉ាឡេស៊ី អូស្ដ្រាលី ថៃ និងសិង្ហបុរី ខណៈការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែសីហា ហើយគ្រោងនឹងបញ្ចប់ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានក្រុមចូលរួមសរុប ១២ក្រុម និងបែងចែកជា ២ពូលក្នុងមួយពូលមាន ៦ក្រុម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | VFF

អត្ថបទ៖ ណារ៉ុង

មតិយោបល់