អតីតគ្រូកាយសម្បទាជម្រើសជាតិកម្ពុជា លោក Willander Fonseca ចូលរួមជាមួយ U22 មីយ៉ាន់ម៉ា

មាស សុផាណារ៉ុង August 12, 2019


 

មីយ៉ាន់ម៉ា៖ អតីតគ្រូកាយសម្បទានៃក្រុមជម្រើសជាតិកម្ពុជា និងទើបតែកាន់ការងារជាមួយក្រុមជម្រើសជាតិវៀតណាមមួយរយៈ លោក Willander Fonseca បានចូលរួមជាមួយ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២២ឆ្នាំ ហើយបន្ទាប់ពីទំនេរពីការងារមួយរយៈ។

កាលពីថ្ងៃទី០៩ ខែសីហា លោក Fonseca បានប្រកាសថាលោកបានចុះកុងត្រាជាមួយសហព័ន្ធបាល់ទាត់មីយ៉ាន់ម៉ា។ ភារកិច្ចដំបូងរបស់គ្រូបង្វឹកកីឡាប្រេស៊ីលរូបនេះ គឺត្រូវត្រៀមជាមួយ U-22 មីយ៉ាន់ម៉ា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games 2019 ) លើកទី៣០ នៅហ្វីលីពីន។

តាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម បានបញ្ជាក់ថា គ្រូបង្វឹករបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២២ឆ្នាំ លោក Velizar Popov បានអញ្ជើញលោក Willander Fonseca មកជួយចូលរួមជាមួយក្រុមរបស់លោក ស្របពេលដែលលោកមានបទពិសោធន៍ការងារក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ទាំងនៅថៃ កម្ពុជា និងវៀតណាម ជាដើម។

គួរដឹងដែរថា គ្រូកាយសម្បទា លោក Fonseca បានមកដល់វៀតណាមនៅចុងឆ្នាំ២០១៨ ជំនួសតំណែងគ្រូកាយសម្បទាសញ្ជាតិកូរ៉េខាងត្បូង លោក Bae Ji-won។ លោកបានធ្វើការនៅក្នុងវិស័យនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយបានចាប់ផ្តើមអាជីពនេះនៅពេលមានអាយុ២០ឆ្នាំ នៅប្រទេសកំណើតរហូតដល់បានផ្លាស់មកធ្វើការនៅក្លឹបលីគកំពូលថៃ Buriram United នៅឆ្នាំ២០១៥ និងក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១៧ ជាមួយលោក Leonardo Vitorino ផងដែរ៕

 

ប្រភព និងរូបភាព៖ Zing.vn

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់