គ្រូអង្គរថាយហ្គឺរ រំពឹងជាសះស្បើយពីជម្ងឺគ្រុនឈាមទាន់ពេលប៉ះ ព្រះខ័នរាជស្វាយរៀង ក្នុងពានសម្តេចតេជោ

មាស សុផាណារ៉ុង August 13, 2019


 

សៀមរាប៖ អង្គរថាយហ្គឺរ បានប្រកួតតទល់ជាមួយ ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបសប្ដាហ៍ទី១៩ នៃក្របខណ្ឌលីគកំពូលកម្ពុជា ដោយបញ្ចប់ទៅស្មើគ្នា ១ទល់១ នៅកីឡដ្ឋានខេត្តសៀមរាប យ៉ាងណាមិញការប្រកួត គ្រូបង្វឹកនៃក្លឹបអង្គរថាយហ្គឺរ លោក Oriol Mohedano Segura ពុំមានវត្តមានឈរបញ្ជាកូនក្រុមឡើយ ដោយសារលោកមានជម្ងឺគ្រុនឈាម។

លោក Oriol Mohedano Segura បានផ្ទុកជម្ងឺគ្រុនឈាម រយៈពេលជាង ១សប្ដាហ៍មកហើយ ហើយបាននឹងកំពុងទទួលការព្យាបាល។ យ៉ាងណាមិញ លោកបានបន្ថែមថាមកទល់ពេលនេះអាការហាក់បានធូរស្បើយច្រើនសម្រាប់លោក ហើយរំពឹងថានឹងអាចជាទាន់ពេលប៉ះព្រះខ័នរាជស្វាយរៀង ជាថ្មីម្ដងទៀតក្នុងពានសម្តេចតេជោ នៅពាក់កណ្ដាលសប្ដាហ៍នេះ។

បែបនេះក្ដី លោកក៏បានសម្ដែងនូវយោបល់ផងដែរជុំវិញជំនួបដ៏សំខាន់រវាងក្រុមរបស់លោក ជាមួយព្រះខ័នរាជស្វាយរៀង ដោយថ្លែងសុំទោសចំពោះអ្នកគាំទ្រ ក៏ដូចជាសរសើរកូនក្រុមដែលប្រឹងប្រែងដោយខ្លួនឯង។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ជាដំបូង ខ្ញុំសូមសម្ដែងការសុំទោសដល់អ្នកគាំទ្រចំពោះការអវត្តមានកាលពីម្សិលមិញ ព្រោះខ្ញុំមិនអាចចូលរួមដឹកនាំក្រុមបានដោយសារមានជំងឺគ្រុនឈាម។ ខ្ញុំឈឺពេញមួយសប្តាហ៍មកហើយ។ បន្ទាប់មកកីឡាកររបស់ខ្ញុំបានប្រឹងប្រែងដោយខ្លួនឯង ដោយមានការគាំទ្រ និងការដឹកនាំពីគ្រូបង្វឹកជំនួយបស់ខ្ញុំ។ ហើយខ្ញុំក៏បានតាមដានតាមទូរទស្សន៍ផងដែរ។ បរិយាកាសពិតជាល្អណាស់ ហើយស្មារតីក្រុមពិតជាអ្វីដែលយើងបានរៀបចំ។ ហើយក៏សុំអបអរសាទរដល់ ព្រះខ័នរាជស្វាយរៀង ដែលជិតឈានដល់ការគ្រងជើងឯកលីគកំពូលកម្ពុជា។»

សូមបញ្ជាក់ផងដែរថា អង្គរថាយហ្គឺរ នឹងត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ជាថ្មីម្ដងទៀតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩ នៅកីឡដ្ឋានសៀមរាប មុននឹងត្រលប់ទៅទឹកដីស្វាយរៀង នៅសប្ដាហ៍បន្ទាប់។

គួរដឹងថា ការប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ នឹងធ្វើឡើង ២ជើង ដោយជើងទី១ គ្រោងប្រកួតនាថ្ងៃទី១៤ និងទី១៥ ខែសីហា និងជើងទី២ ប្រកួតនាថ្ងៃទី២៨ ទី២៩ ខែសីហា ឆ្នាំ២០១៩ខាងមុខ៕

 

រូបភាព៖ អង្គរថាយហ្គឺរ ​- Angkor Tiger Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់