គ្រូព្រះខ័នរាជស្វាយរៀង ថាមានអារម្មណ៍ដូចជាចាញ់ ទោះស្មើជាមួយអង្គរថាយហ្គឺរ ១ទល់១

មាស សុផាណារ៉ុង August 12, 2019


 

សៀមរាប៖ លោក Conor Nestor គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហើបចំណាប់អារម្មណ៍ថាដូចត្រូវរងបរាជ័យ បើទោះបីជាប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១ទល់១ ក្នុងជំនួបសប្ដាហ៍ទី១៩ កាលពីម្សិលមិញ។

ឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិច លោក Conor បាននិយាយថា៖ «ថ្ងៃនេះ (ម្សិលមិញ) យើងមានអារម្មណ៍ថាដូចជាចាញ់ ពីព្រោះយើងចង់បាន ៣ពិន្ទុសម្រាប់អ្នកគាំទ្ររបស់យើង។ វាគឺជាការលំបាកណាស់ក្នុងការផ្តួលអង្គរថាយហ្គឺរ នៅក្នុងកីឡដ្ឋាននោះ យើងស្ទើរតែខិតជិតដល់ទៅហើយ ប៉ុន្តែខ្ញុំគិតថាលទ្ធផលស្មើនេះ គឺវាល្អសម្រាប់ក្រុមទាំងពីរ»។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានបន្តទៀតផងដែរជុំវិញបញ្ហាទីលានថា៖ «ពិតហើយ យើងមិនអាចលេងបាននូវអ្វីដែលយើងចង់បាន នៅក្នុងលក្ខខណ្ឌនេះ ប៉ុន្តែយើងក៏បានដឹងមុន មុនការប្រកួតដមកដល់ផងដែរ ហើយយើងក៏បានរៀបចំសម្រាប់ស្ថានភាពនេះ ជាអកុសល យើងមិនអាចធ្វើវាបាននៅពេលនេះ ប៉ុន្តែយើងនៅមានឱកាសផ្សេងទៀត ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន»។

គួរបញ្ចាក់ផងដែរថា ការប្រកួតដ៏ជក់ចិត្តលើទឹកដីអង្គរនេះ វគ្គទី១ គ្មានក្រុមណាអាចបំបែកពង់មាន់បានឡើយ។ តែចូលវគ្គទី២ កីឡាករ Chaeles Machell បានជួយឲ្យព្រះខ័នរាជស្វាយរៀង នាំមុខ ១គ្រាប់មុន នៅនាទី៥៤។ ប៉ុន្ដែភាពរីករាយរបស់ក្រុមភ្ញៀវ កើតឡើងត្រឹមតែ ៥នាទីប៉ុណ្ណោះ បន្ទាប់ពីកីឡាករ Ramos Alexis វាយបកតាមស្មើឲ្យអង្គរថាយហ្គឺរ ១-១ នៅនាទី៥៩ ហើយលទ្ធផលនេះ បានរក្សារហូតចប់ការប្រកួត ៩០នាទី។

គួរដឹងថា ក្រោយស្មើជាមួយអង្គរថាយហ្គឺរ ក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអៀកឡង់មួយនេះ នៅតែបន្តឈរនៅកំពូលតារាងដដែល ដោយមាន ៥១ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ១៩ដង ក្រោយឈ្នះ១៥ ស្មើ៤ និងអ្វីដែលសំខាន់មិនដែលស្គាល់ពាក្យថាចាញ់ទាល់តែសោះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់