អ្នកចាត់ក្រុមវិសាខា ថាកំពង់ចាម ផ្លាស់ប្ដូរ ១៨០ដឺក្រេ ពីជើងទី១

មាស សុផាណារ៉ុង August 12, 2019


 

ភ្នំពេញ៖ លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្រុមវិសាខា បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្លឹបបាល់ទាត់ខេត្តកំពង់ចាម ដែលបានធ្វើការផ្លាស់ប្ដូរស្ទើរ ១៨០ដឺក្រេ បើធៀបកាលពីជើងទី១។ ការថ្លែងបែបនេះ ក្រោយវិសាខា ប្រកួតឈ្នះខេត្តកំពង់ចាម ដោយលទ្ធផល ២ទល់០ ក្នុងជើងទី២ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈកាលពីជើងទី១ វិសាខា ឈ្នះ ១៤ទល់០ ឯណោះ។

អ្នកចាត់ការក្រុមខាងលើ បាននិយាយថា៖ «ខ្ញុំសូមធ្វើការកោតសរសើរ ចំពោះខេត្តកំពង់ចាម ដែលពួកគាត់ព្យាយាមកែសម្រួលស្ថានការណ៍ កាលពីជើងទី១ រហូតដល់ជើងទី២ ពួកគាត់កែសម្រួលបានល្អមែនទែន។ ពួកគាត់យល់ដឹងច្រើន ពួកគាត់ផ្លាស់ប្ដូរច្រើនមែនទែន ផ្លាស់ប្ដូរចង់ ១៨០ឌឺក្រេ ពីជើងទី១ មកជើងទី២។ គាត់នៅខ្វះខាតតែបន្ដិចបន្ដួច ប៉ុន្ដែអ្វីដែលពួកគាត់ធ្វើ គឺល្អជាងជើងទី១ ឆ្ងាយ។»

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ បន្ដទៀតថា៖ «អ្វីដែលខ្ញុំមើលឃើញភាពរីកចម្រើនរបស់ខេត្តកំពង់ចាម ទី១ គុណភាពកីឡាករ ដែលមានភាពល្អប្រសើរជាងមុន និងទី២ ល្អបំផុតនោះ គឺប្រព័ន្ធនៃការលេង មានន័យថាគាត់យល់ដឹងពីកម្រិតនៃការលេង ទៅតាមអ្វីដែលពួកគាត់មាន។ ចឹងការយល់ដឹងរបស់ពួកគាត់ មានការប្រែប្រួលច្រើនមែនទែន ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនៃការលេង។»

គួរបញ្ជាក់ថា តាមរយៈជ័យជម្នះលើខេត្តកំពង់ចាមនេះដែរ បានធ្វើឲ្យវិសាខា បន្ដកំណត់ត្រាមួយផងដែរ គឺឈ្នះ ៦ប្រកួតជាប់ៗគ្នា សម្រាប់ជើងទី២ និង ៨ប្រកួតជាប់ៗគ្នាផងដែរ ដែលដឹកនាំដោយគ្រូបង្វឹកបណ្ដោះអាសន្នលោក Akeeb Tunji Ayoyinka។

បច្ចុប្បន្នវិសាខា បានឡើងឈរលេខ២ និងមាន ៤៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ៦ពិន្ទុ ជាមួយលទ្ធផល ១៩ប្រកួតឈ្នះ១៤ ស្មើ១ និងចាញ់ ៤៕

 

អត្ថបទ៖ បុត្រា

មតិយោបល់