U-18 កម្ពុជា ជួប U-18 ថៃ ក្នុងជំនួបទី២ ប្រចាំពូល B រសៀលនេះ

មាស សុផាណារ៉ុង August 9, 2019


 

ហូជីមិញ៖ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ នឹងបន្តការប្រកួតទី២ របស់ខ្លួនក្នុងពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship 2019 ) ដែលនឹងត្រូវជួបក្រុមកំពូលតារាង U-18 ថៃ។

ការប្រកួតរវាងក្រុមទាំងពីរ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០ នាទីរសៀលដដែល នាកីឡដ្ឋាន Thanh Long Stadium ដោយនឹងមានការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ ហង្សមាស ផងដែរ។

មុនជួបគ្នារសៀលទាំង U-18 កម្ពុជា និង U-18 ថៃ សុទ្ធតែធ្វើបានលទ្ធផលប្លែកខុសពីគ្នាកាលពីប្រកួតដំបូង ប្រចាំពូល B នេះពោលគឺ កម្ពុជា បានរងបរាជ័យក្រោមថ្វីជើង U-18 អូស្ត្រាលី ក្នុងលទ្ធផលបច្ចេកទេស ១ទល់៥ ស្របពេលដែលថៃ វិញ បានយកស្មើជាមួយ សិង្ហបុរី ១ទល់១។

និយាយពីតារាងចំណាត់ថ្នាក់ប្រៀបធៀបរវាងក្រុមទាំងពីរវិញ គិតត្រឹមប្រកួតដំបូង U-18 ថៃ កំពុងឈរនៅលេខ៣ ក្នុងពូលដោយមានតែ ១ពិន្ទុ ខណៈ U-18 កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៦ បាតតារាង បន្ទាប់ពីរបូតគ្រាប់បាល់ក្រោយទូទាត់ចំនួន ៤គ្រាប់។

តារាងចំណាត់ថ្នាក់ពេញលេញសម្រាប់ពូល B៖

សូមបញ្ជាក់ផងដែរថា ចំពោះបេសកកម្មប្រកួតពានរង្វាន់ ( AFF U-18 Championship 2019 ) នៅប្រទេសវៀតណាម នេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះវៀតណាម ម៉ាឡេស៊ី អូស្ដ្រាលី ថៃ និងសិង្ហបុរី ខណៈការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី០៦ ខែសីហា ហើយគ្រោងនឹងបញ្ចប់ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានក្រុមចូលរួមសរុប ១២ក្រុម និងបែងចែកជា ២ពូលក្នុងមួយពូលមាន ៦ក្រុម៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់