ព្រះខ័នរាជស្វាយរៀង បន្តកិច្ចសន្យាដល់កីឡាករ ២រូបបន្ថែមទៀត សម្រាប់រយៈពេលវែង

មាស សុផាណារ៉ុង August 8, 2019


 

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា នេះ ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកុងត្រាជាមួយកីឡាករឆ្នើម ២រូបបន្ថែមទៀតហើយ រួមមានកីឡាករ សុខ សំណាង និងរស់ គង់សំរេច ពោលគឺបន្ទាប់ពីកីឡាករយុវជន ៣រូបត្រូវបានប្រកាសបន្តកិច្ចសន្យារយៈពេលវែងដូចគ្នាកាលពីម្សិលមិញ។

ចំពោះកីឡាករសុខ សំណាង និងរស់ គង់សំរេច ត្រូវបានព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រារយៈពេលវែង ហើយពួកគេ គឺជាកីឡាករទី៥ និងទី៦ ដែលទទួលបានការបន្ដកុងត្រាដ៏ពិសេសនេះ បន្ទាប់ពីកីឡាករកើតចេញពីថ្នាលរបស់ក្លឹបព្រះខ័នរាជស្វាយរៀង ៣រូបទៀត រួមមានកីឡាករគីម សុខយុទ្ធ, ឃៀង ម៉េងហួរ និង ត្រាយ វិចិត្រ ជាដើមទើបតែបន្តកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ។

សុខ សំណាង កំពុងទទួលបានទំនុកចិត្តពីគ្រូបង្វឹកលោក Conor Nestor បន្ទាប់ពីបានផ្លាស់ពីតួនាទីជាខ្សែប្រយុទ្ធស្លាប មកលេងក្នុងតួនាទីជាខ្សែការពារឆ្វេង ខណៈរដូវកាលនេះបង្ហាញខ្លួនទៀងទាត់ផងដែរ ពោលគឺ ១២ប្រកួតក្នុងលីគ ក្នុងចំណោម ១៨ប្រកួត និងទាត់បាល់បញ្ចូលទីបាន ១គ្រាប់ផងដែរ ស្របពេលដែលខ្សែការពារ រស់ គង់សំរេច ដែលទើបតែជាពីរបួស បានបង្ហាញខ្លួនបាន ៣ប្រកួតក្នុងលីគ និង ២ប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

មតិយោបល់