U-15 កម្ពុជា ត្រៀមចូលរួមប្រកួតពានរង្វាន់អន្តរជាតិមួយនៅប្រទេសចិន នាពាក់កណ្ដាលខែសីហានេះ

មាស សុផាណារ៉ុង August 8, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដែលទើបតែបញ្ចប់ការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ កាលពីដើមខែសីហា នេះគ្រោងនឹងទៅចូលរួមការប្រកួតពានអន្តរជាតិមួយផ្សេងទៀត នៅប្រទេសចិន។

យោងតាមការជូនដំណឹងបានបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ត្រូវបានអញ្ចើញឲ្យចូលរួមការប្រកួតកម្មវិធីបាល់ទាត់មិត្តភាព បែបអន្តរជាតិក្រៅផ្លូវការ ដែលមានឈ្មោះថា «Shanghai Jinshan International Youth Football Championship» ធ្វើឡើងនៅប្រទេសចិន។

ពានរង្វាន់ដដែលខាងលើនេះ គឺគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន ដោយមានការចូលរួមពីក្រុមនៅក្នុងតំបន់ជាច្រើនផងដែរ។ ជាមួយគ្នាផងដែរ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ គ្រោងនឹងចាប់ផ្ដើមហ្វឹកហាត់នៅថ្ងៃទី១១ ខែសីហា តទៅមុននឹងធ្វើដំណើរទៅប្រទេសចិន។

សូមបញ្ជាក់ថា ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ទើបតែបានបញ្ចប់ការប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) នៅប្រទេសថៃ ដោយទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំពូល B ប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់