U18 កម្ពុជា រងបរាជ័យ ៥ទល់១ ក្រោមថ្វីជើងអូស្ត្រាលី ក្នុងជំនួបបើកឆាក

មាស សុផាណារ៉ុង August 7, 2019


 

វៀតណាម៖  ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ បានខាតបង់ពិន្ទុក្នុងជំនួបដំបូងប្រចាំពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៨ឆ្នាំ ( AFF U-18 Championship 2019 ) ដ៏មានសារៈសំខាន់ បន្ទាប់ពីប្រកួតចាញ់ U-18 អូស្ត្រាលី មុននេះបន្តិច។

ការប្រកួតដែលប្រើរយៈពេលតែ ៩០នាទីនេះ បញ្ចប់ទៅដោយលទ្ធផល ១ទល់៥ នៅលើកីឡដ្ឋាន Thong Nhat Stadium ខណៈនៅវគ្គទី១ អូស្ត្រាលី នាំមុខកម្ពុជា ៣ទល់០។ ចូលដល់វគ្គទី២ កម្ពុជា ហាក់ធ្វើបានល្អច្រើនជាមួយនឹងការមានឱកាសសម្រុកជាច្រើនលើកច្រើនសាររហូតដល់អាចរកគ្រាប់បាល់បាន ១គ្រាប់ធ្វើបានដោយកីឡាករ សៀង ចន្ធា មុននឹងអូស្ត្រាលី បន្ថែម ២គ្រាប់ទៀតនៅវគ្គទី២ នេះ។

ស្របពេលជាមួយគ្នាផងដែរ ការប្រកួតមួយគូទៀតរវាង U-18 ថៃ ជាមួយ U-18 សិង្ហបុរី គឺបញ្ចប់ទៅដោយ ស្មើគ្នា ១ទល់១។ ដោយឡែកពូលនេះផងដែរនៅសល់ការប្រកួតមួយគូទៀត គឺជាការប្រកួតរវាងម្ចាស់ផ្ទះវៀតណាម នឹងត្រូវជួបប្រកួតជាមួយម៉ាឡេស៊ី នៅវេលាម៉ោង ៧:៣០ នាទីល្ងាច៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់