គ្រូ U-15 កម្ពុជា ប្រាប់មូលហេតុប៉ះ U-15 ឡាវ របូតគ្រាប់បាល់ច្រើនជាងជួបម៉ាឡេស៊ី

មាស សុផាណារ៉ុង August 7, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីយប់មិញ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ AFF U-15 Championship 2019 ត្រឹមចំណាត់ថ្នាក់លេខ៥ ក្នុងពូល B នៅខេត្តឈុនបូរី ប្រទេសថៃ។

ទន្ទឹមជាមួយគ្នាលោក Inoue Kazunori គ្រូបង្វឹក្រុម U-15 កម្ពុជា ក៏បញ្ជាក់អំពីមូលហេតុ ជុំវិញការប្រកួតបង្គ្រប់កិច្ចចុងក្រោយ ចាញ់ក្រុម U-15 ឡាវ ៣ទល់០ ដែលរបូតគ្រាប់បាល់ច្រើនជាងប៉ះក្រុមកំពូលតារាង U-15 ម៉ាឡេស៊ី ដែលចាញ់ត្រឹម ២ទល់០ ផងដែរ។

លោក Inoue Kazunori បានបញ្ជាក់ថា៖ «កន្លែងហ្នឹង ដោយសារកីឡាករល្អៗរបស់យើង ៥រូប គាត់ត្រូវត្រឡប់មកប្រឡងឌីប្លូម ( មធ្យមសិក្សាបឋមភូមិ ) វិញ ធ្វើឲ្យយើងខ្វះខាត់កីឡាករល្អៗ ដើម្បីលេងជាមួយយុវជនឡាវ ទើបយើងទទួលលទ្ធផលមិនល្អបែបនេះ»។

«ចំពោះប្រកួតមុនៗ ដែលយើងមើលទៅគួរឲ្យចាប់អារម្មណ៍ ដូចជាប៉ះអូស្ដ្រាលី ម៉ាឡេស៊ី និងថៃ ដោយសារពួកគាត់នៅជុំគ្នា។ ប៉ុន្ដែយ៉ាងណាអ្វីដែលក្មេងៗ ដែលនៅលេងទាំងប៉ុន្មាន ពួកគាត់បានព្យាយាម និងប្រឹងប្រែងអស់ពីសមត្ថភាពហើយ។» លោក Inoue បញ្ជាក់បន្ថែម។

ដោយឡែកមូលហេតុក្រុម U-15 កម្ពុជា បានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ខាងលើ ដោយមិនស្គាល់ជ័យជម្នះវិញ ត្រូវបានបុរសជនជាតិជប៉ុនដដែល លើកឡើងថា ដោយសារកត្ដា ២យ៉ាង ទី១-ការខ្វះខាតពេលវេលារៀបចំក្រុម និងទី២-គុណភាពលេងជាក្រុមមិនទាន់ល្អ។ ប៉ុន្ដែយ៉ាងណាលោកក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងលេងដោយឆន្ទៈរបស់ក្រុមគោព្រៃជំទង់កម្ពុជានេះដែរ។

សូមបញ្ជាក់ផងដែរថា កម្ពុជា បញ្ចប់ទៅក្នុងពានរង្វាន់នេះ ដោយឈរនៅលេខ៥ ប្រចាំពូល B ក្រោយប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ ក្នុងនោះ ចាញ់អូស្ត្រាលី ៣ទល់១, ចាញ់ម៉ាឡេស៊ី ២ទល់០, ចាញ់ថៃ ៤ទល់០, ស្មើព្រុយណេ ១ទល់១ និងចុងក្រោយចាញ់ឡាវ ៣ទល់០៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

 

មតិយោបល់