គីរីវង់សុខសែនជ័យ បង្កើត YouTube ផ្លូវការ អមជាមួយបទចម្រៀងក្លឹបថ្មីសន្លាង

មាស សុផាណារ៉ុង August 7, 2019


 

តាកែវ៖ ប៉ុន្មានថ្ងៃមកនេះ អ្នកគាំទ្រច្បាស់ជាចាប់អារម្មណ៍ ចំពោះនិមិត្តសញ្ញាថ្មីរបស់ក្លឹបគិរីវង់សុខសែនជ័យ ដែលបានប្ដូរពីរូបនាគមកប្រើប្រាស់រូប «មាន់គក» វិញ។ ទន្ទឹមជាមួយគ្នា ក្លឹបលីគកំពូលកម្ពុជាមួយនេះ ក៏បានបញ្ជាក់នូវគោលបំណង និងអត្ថន័យសំខាន់ៗចំនួន ៥ចំណុច ជុំវិញការផ្លាស់ប្ដូរនិមិត្ដសញ្ញាថ្មីរបស់ក្លឹបផងដែរ ។

គីរីវង់សុខសែនជ័យ ជាមួយឯកសណ្ឋានថ្មី (រូបភាព៖ Metfone Cambodian League)

យ៉ាងណាមិញនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ក្លឹបដែលមានមូលដ្ឋាននៅខេត្តតាកែវ មួយនេះបានបន្តផ្លាស់ប្ដូរមុខមាត់ជាថ្មីនៅក្នុងបាល់ទាត់កម្ពុជា បន្ទាប់ពីបានប្រកាស Channel YouTube ផ្លូវការរបស់ក្លឹប អមជាមួយនឹងបទចម្រៀងថ្មីសន្លាង។

Channel YouTube ថ្មីរបស់ក្លឹបមានឈ្មោះថា «KIRIVONG SOKSENCHEY FC» ទើបតែបង្កើការពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយអមភ្ជាប់ជាមួយបទចម្រៀងថ្មីដែលមានចំណងជើងថា «រួមគ្នាដើម្បីទាំងអស់គ្នា»

ខាងក្រោមគឺជាបទចម្រៀងថ្មីរបស់ក្លឹប៖

គួរដឹងដែរថា ក្លឹបគិរីវង់សុខសែនជ័យ បានបង្កើតតាំងពីឆ្នាំ ២០០៧ ដោយមានសម្ដេចវិបុលបញ្ញា សុខ អាន ជាស្ថាបនិក មុនសម្ដេចទទួលមរណភាពកាលពីឆ្នាំ២០១៧ កន្លងទៅ។

បច្ចុប្បន្នក្លឹបនេះ មានឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាកូនទី២ របស់សម្ដេច សុខ អាន ជាប្រធានក្លឹប អមដោយឯកឧត្តម សុខ សប្បាយណា អនុរដ្ឋាលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាអនុប្រធានក្លឹប ខណៈជាបណ្ដោះអាសន្ន ពួកគេកំពុងឈរលេខរៀងទី៩ នៃលីគ និងមាន ២១ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៨ប្រកួតឈ្នះ៧ និងចាញ់ ១១ប្រកួត៕

 

រូបភាព៖ Metfone Cambodian League

អត្ថបទ៖ ណារ៉ុង

 

មតិយោបល់