ក្រុម U-18 កម្ពុជា ប៉ះអូស្ដ្រាលី បើកឆាកពាន AFF U-18 រសៀលនេះ

មាស សុផាណារ៉ុង August 7, 2019


 

ហូជីមិញ៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា នឹងបើកយុទ្ធនាការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ ( AFF U-18 Championship 2019 ) នៅរសៀលម៉ោង ៤:៣០ ថ្ងៃពុធនេះ ដោយត្រូវជួបក្រុមខ្លាំង U-18 អូស្ដ្រាលី មុនគេ ក្នុងពូល B នៅកីឡដ្ឋាន Thong Nhat Stadium នាទីក្រុងហូជីមិញ ប្រទេសវៀតណាម។

នេះគឺជាបេសកកម្មដ៏លំបាកមួយរបស់ក្រុមគោព្រៃជំទង់កម្ពុជា ដ្បិតពួកគេស្ថិតក្នុងពូលមរណៈ ដែលប្រជុំដោយក្រុមខ្លាំងៗ រួមមានក្រុម U-18 ថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ដ្រាលី និងក្រុមម្ចាស់ផ្ទះ U-18 វៀតណាម។ មុនការប្រកួតក្រុម U-18 កម្ពុជា បានចំណាយពេល ១សប្ដាហ៍ បោះជំរុំហ្វឹកហាត់នៅទីក្រុងហូជីមិញ ដើម្បីត្រៀមការប្រកួតដ៏សំខាន់នេះ។ ប៉ុន្ដែយ៉ាងណា លោក Gyotoku Koji គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជា បានថ្លែងថា លោកមិនមានពេលគ្រប់គ្រាន់ ដើម្បីរៀបចំក្រុមនោះទេ។

លោកនិយាយក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «ខ្ញុំមិនមានពេលវេលាយូរ ដើម្បីរៀបចំក្រុមនេះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចសន្យាបាន គឺយើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពឲ្យបានល្អ។ កីឡាករភាគច្រើនមកពីយុវជនថ្នាលសាលាបាល់ទាត់ជាតិ»។

សម្រាប់ប្រកួតបើកឆាកពូល B ថ្ងៃនេះដែរ ក្រៅពីកម្ពុជា ប៉ះក្រុមប្រជុំដោយកីឡាករមាឌធំៗ អូស្ដ្រាលី នៅមាន ២គូទៀត រួមមានក្រុម U-18 ម៉ាឡេស៊ី ប៉ះក្រុមម្ចាស់ផ្ទះវៀតណាម និងក្រុម U-18 សិង្ហបុរី ប៉ះក្រុមដំរីសឹកថៃ។ អ្វីដែលពិសេស ចំពោះការប្រកួតរបស់ក្រុម U-18 កម្ពុជាខាងលើ ក៏នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ។

ដោយឡែកកាលពីម្សិលមិញ ព្រឹត្តិការណ៍នេះ បានបញ្ចប់ ៣ប្រកួតក្នុងពូល A ទៅហើយ រួមមានក្រុម U-18 ឥណ្ឌូនេស៊ី បំបាក់ក្រុម U-18 ហ្វីលីពីន ដោយលទ្ធផល ៧-១, ក្រុម U-18 ទីម័រខាងកើត លត់ប្រ៊ុយណេ ដោយលទ្ធផល ៧-២ និងក្រុម U-18 មីយ៉ាន់ម៉ា យកឈ្នះឡាវ ដោយលទ្ធផល ៣-១៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | socceroos

អត្ថបទ៖ បុត្រា

មតិយោបល់