នន មិនា ប្ដេជ្ញាលេងបាល់ទាត់ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង August 6, 2019


 

ភ្នំពេញ៖ កីឡាការិនីបាល់ទាត់ដ៏លេចធ្លោររបស់ខេត្តសៀមរាប នន មិនា បានសម្ដែងក្ដីរីករាយ ក្រោយបានលេងកីឡាបាល់ទាត់ ដែលខ្លួនស្រលាញ់ និងចូលចិត្ត ហើយមានការជំរុញពីអាណាព្យាបាល។ ដូច្នេះកញ្ញា បានដាក់គោលដៅនឹងបន្ដលេងបាល់ទាត់ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

នន មិនា លេខ១០

នន មិនា បានបញ្ជាក់ថា៖ «មកទល់ពេលនេះ មានរយៈពេល ៥ឆ្នាំហើយ ដែលខ្ញុំបានលេងបាល់ទាត់ ព្រោះខ្ញុំស្រលាញ់ និងចង់លេងតាំងពីតូចៗ។ និយាយទៅលោកគ្រូថា ខ្ញុំអត់មានដុងបាល់ទាត់ទេ តែដោយសារក្ដីស្រលាញ់ ហើយខ្ញុំព្យាយាមហ្វឹកហាត់រាល់ថ្ងៃទៅ ទើបខ្ញុំទទួលបានលទ្ធផលល្អ រហូតមកទល់ថ្ងៃនេះ។»

«ក្ដីស្រម៉ៃរបស់ខ្ញុំ គឺខ្ញុំចង់លេងបាល់ទាត់ឲ្យកម្ពុជា ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។ អញ្ចឹងខ្ញុំនៅតែបន្ដហ្វឹកហាត់ និងលេងបាល់ទាត់ រហូតដល់ស៊ីហ្គេម។ ចំណែកឪពុក-ម្ដាយខ្ញុំ គាត់នៅតែជំរុញ និងលើកទឹកចិត្តខ្ញុំជានិច្ច។» នេះគឺជាការបង្ហើបនូវក្ដីស្រម៉ៃដល់ធំរបស់នាង បន្ទាប់ពី មិនា បានចំណាយពេលជាច្រើនឆ្នាំ លេងបាល់ទាត់ ហើយបានចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិជាច្រើន។

គួរដឹងថា ក្នុងឱកាសក្រុមជម្រើសជាតិនារីកម្ពុជា កំពុងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតពានរង្វាន់ជើងឯកបាល់ទាត់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Women’s Championship 2019 ) នៅប្រទេសថៃ នាពេលឆាប់ៗខាងមុខ នន មិនា ក៏មានឈ្មោះដែរ ប៉ុន្ដែដោយសារនាងមានបញ្ហាផ្ទាល់ខ្លួន កញ្ញាក៏សម្រេចបោះបង់ឱកាសនេះ។

បច្ចុប្បន្ន មិនា កំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសខេត្តសៀមរាប ដើម្បីត្រៀមប្រកួតលីគបាល់ទាត់នារី ឆ្នាំ២០១៩ នាខែកញ្ញាខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់