ភ្នំពេញក្រោន តែងតាំងលោក Dave ដឹកនាំអ្នកចាំទីក្រុមធំសារជាថ្មី

មាស សុផាណារ៉ុង August 6, 2019


 

ភ្នំពេញ៖ ក្លឹបភ្នំពេញក្រោន បានប្រកាសតែងតាំងលោក Dave Maguire គឺជាគ្រូបង្វឹកអ្នកចាំទីក្រុមធំជាថ្មី ក្រោយលោកធ្លាប់រួមចំណែកជួយក្រុមឈ្នះពាន កាលពីឆ្នាំ២០១៥។ នេះបើតាមការបញ្ជាក់របស់អតីតក្រុមជើងឯក ៦សម័យកាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។

លោក Dave Maguire ធ្លាប់ធ្វើការជាមួយភ្នំពេញក្រោន តាំងពីឆ្នាំ២០១៥ ហើយក៏ជាឆ្នាំ លោកបានជួយក្រុមឈ្នះពានផងដែរ មុនលោកចាកចេញនៅឆ្នាំ២០១៧។ ប៉ុន្ដែឆ្នាំ២០១៩ លោកបានត្រឡប់ទៅដឹកនាំក្រុមយុវជនភ្នំពេញក្រោនវិញ។ ដោយមើលឃើញពីសមត្ថភាព និងការខំប្រឹងរបស់ Dave បានក្លឹបសម្រេចតែងតាំងលោកជំនួសកៅអីលោក Luis Fernando Vitorino តែម្ដង។

ជាមួយការត្រលប់ទៅកីឡដ្ឋាន Smart RSN នេះដែរ បុរសជនជាតិអង់គ្លេសរូបនេះ បានបញ្ជាក់ថា៖ «ក្នុងនាមជាអតីតអ្នកចាំទីអាជីព ខ្ញុំមានបទពិសោធន៍ច្រើនទាំងលេងជាកីឡាករ និងបង្ហាត់ ។ ខ្ញុំយល់ច្បាស់អំពីវប្បធម៌របស់កម្ពុជា និងវិធីបែបណាដើម្បីជួយអភិវឌ្ឍន៍ដល់អ្នកចាំទី»។

គួរដឹងថា បច្ចុប្បន្នអ្នកចាំទី ២រូប នៃក្រុមធំភ្នំពេញក្រោន រួមមាន សាវែង សំណាង និង គង់ ចាន់វុទ្ធី សុទ្ធតែធ្លាប់ហ្វឹកហាត់ជាមួយលោក Dave Maguire។ ដូច្នេះការដំឡើងលោក Dave ពីគ្រូបង្វឹកក្រុមយុវជនថ្នាល ទៅជាគ្រូបង្វឹកអ្នកចាំទីក្រុមធំពេលនេះ មិនមានឧបសគ្គអ្វី សម្រាប់លោកនោះទេ៕

 

រូបភាព៖ ភ្នំពេញក្រោន -​ Phnom Penh Crown

អត្ថបទ៖ បុត្រា

មតិយោបល់