ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ ទទួលបានការឧបត្ថម្ភគាំទ្រពីស្ថាប័នឯកជនកាន់តែច្រើន

នូ មករា August 6, 2019


ភ្នំពេញ៖ យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ពានរង្វាន់សម្តេច ហ៊ុន សែន បានបង្ហាញឱ្យឃើញថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំលំដាប់ទី២ប្រចាំព្រះរាជាណាចក្រកម្ពុជានេះបានទទួលការគាំទ្រពីស្ថាប័នឯកជនកាន់តែច្រើនថែមទៀតសម្រាប់រដូវកាលឆ្នាំ២០១៩ពោលគឺគេសង្កេតឃើញថា មានក្រុមហ៊ុនឯកជនមួយចំនួនទៀតបានរួមចំណែកឧបត្ថម្ភបន្ថែមពីលើក្រុមហ៊ុនភេសជ្ជ:បុិបសុីដែលមានតាំងពីរដូវកាលមុននោះ។

តាមរយ:រូបភាពដែលត្រូវបានផ្សព្វផ្សាយយើងឃើញមានដូចជាក្រុមហ៊ុន JC International Airlines Cambodia, Xihu Resort and Hotel, Nanhai Pearl Hotel Apartment, Oriental Hotel & Resort, RSX Investment Co., Ltd, Crown Kompongsom Hotel & Resort, E-Gets, Pathfinder Travel Co.,Ltd, AFB investment Co.,ltd, Cellcard, NT Sport និងក្រុមហ៊ុន Pi Pay ផងដែរ។ យ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ណាមួយទេថា បណ្តាក្រុមហ៊ុនទាំងនេះបានចូលរួមឧបត្ថម្ភក្នុងទំហំទឹកប្រាក់ប៉ុន្មាននោះ។ ដំណឹងល្អនេះបាននាំមកនូវក្តីរីករាយសម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា​ជាមួយនឹងក្តីរំពឹងថា ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩នឹងអាចដំណើរការកាន់តែល្អប្រសើរស័ក្តិសមទៅនឹងកិត្តិនាមនៃសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជានោះ។​

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៣ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក គឺបានទៅលើ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បន្ទាប់ពីបានយកឈ្នះ អគ្គស្នងការរដ្ឋាននគរបាលជាតិ ៣ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ការចាប់ឆ្នោតផ្គូរផ្គងវគ្គ ៨ក្រុមចុងក្រោយ រួមមាន៖

  • សូលទីឡូអង្គរ ប្រកួតជាមួយ បឹងកេត
  • ក្រសួងការពារជាតិ ប្រកួតជាមួយ ភ្នំពេញក្រោន
  • វិសាខា ប្រកួតជាមួយ គីរីវង់សុខសែនជ័យ
  • ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ អង្គរថាយហ្គឺរ

នៅក្នុងវគ្គ ១/៤ នេះដែរ ក្រុមនីមួយៗនឹងត្រូវប្រើប្រព័ន្ធប្រកួតក្នុងដី និងក្រៅដីចំនួន ២ជើងដដែលដើម្បីចម្រាញ់យកក្រុមឈ្នះ ៤ក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្តទៀត៕

អត្ថបទ៖ មករា

មតិយោបល់