ការលើកឡើងទាំងស្រុងរបស់គ្រូបង្វឹក ក្រុមរួមពូលជាមួយ U-18 កម្ពុជា ក្នុងពានយុវជនអាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង August 6, 2019


 

វៀតណាម៖ ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ ( AFF U-18 Championship 2019 ) ដែលមានប្រទេសចំនួន ១២ចូលរួម នឹងចាប់ផ្ដើមពីថ្ងៃអង្គារ៍ ទី០៦ ខែសីហា ឆ្នាំ២០១៩ នេះសម្រាប់ពូល A ខណៈពូល B នឹងចាប់ផ្ដើមពីថ្ងៃទី០៧ ស្អែកនេះតទៅ នៅលើទឹកដីរបស់វៀតណាម។

ស្របពេលដែលមុនការប្រកួតមកដល់គ្រូបង្វឹកទាំង៥ ប្រចាំពូល B ដែលមានកម្ពុជាផងដែរនោះ សុទ្ធតែបានលើកឡើងផ្សេងៗពីគ្នា នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ នៅចំពោះមុខគ្នាទៅវិញទៅមក ដែលរួមមានម្ចាស់ផ្ទះវៀតណាម បូករួមជាមួយ អូស្ត្រាលី, ម៉ាឡេស៊ី, ថៃ និងសិង្ហបុរី។

សម្ដីគ្រូបង្វឹកវៀតណាម លោក Hoang Anh Tuan៖

«សម្រាប់យើង លទ្ធផលមិនសំខាន់ ដូចអ្វីដែលយើងចង់ធ្វើឲ្យក្រុមជម្រើសជាតិនោះទេ។ ការបង្ហាញទម្រង់លេងរបស់កីឡាករវ័យក្មេងទាំងនេះ នឹងត្រូវបានមើលឃើញឆ្ពោះទៅរកលទ្ធផលនោះ។ យើងបានរៀបចំក្រុមក៏ដូចជាយើងអាចធ្វើបាន ប៉ុន្តែបាល់ទាត់កម្រិតយុវជនមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ វាមិនងាយស្រួលទេក្នុងការទស្សន៍ទាយនោះទេ»។

សម្ដីគ្រូអូស្ត្រាលី លោក Gary AVn Egmond៖

«ពានរង្វាន់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍កីឡាករ។ យើងកំពុងរៀបចំបែបផែនកីឡាករថ្មី ហើយយើងត្រូវដឹងថាមិនមានការប្រកួតដែលងាយស្រួលទៀតទេនៅក្នុងទ្វីបអាស៊ី»។

សម្ដីគ្រូកម្ពុជា លោក Gyotoku Koji៖

«ខ្ញុំមិនមានពេលវេលាយូរដើម្បីរៀបចំក្រុមនេះទេ ប៉ុន្តែរឿងមួយដែលខ្ញុំអាចសន្យាបាន គឺយើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពឲ្យបានល្អ។ កីឡាករភាគច្រើនមកពីយុវជនថ្នាលសាលាបាល់ទាត់ជាតិ»។

សម្ដីគ្រូសិង្ហបុរី លោក Mohamed Fadzuhasny៖

«កីឡាកររបស់យើង បានរៀបចំខ្លួនបានយ៉ាងល្អ ដូច្នេះយើងបានត្រៀមខ្លួនសម្រាប់ការប្រកួត។ យើងនឹងត្រូវប្រកួតជាមួយថៃ នៅក្នុងការប្រកួតបើកឆាករបស់យើង វានឹងក្លាយជាឱកាសដ៏ល្អក្នុងការបង្ហាញពីទម្រង់លេងដ៏ល្អ»។

សម្ដីគ្រូថៃ លោក Ithsara Sritharo៖

«យើងបានត្រៀមខ្លួនអស់មួយរយៈហើយ ដូច្នេះយើងបាននាំមកនូវក្រុមខ្លាំងៗ ដែលអាចធ្វើទៅបាន។ ច្បាស់ណាស់ យើងកំពុងសំឡឹងធ្វើឲ្យបានល្អ ព្រោះថាវៀតណាមកំពុងតែមានការកែប្រែយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។

សម្ដីអ្នកចាត់ការក្រុមម៉ាឡេស៊ី លោក Sentil Kumar៖

«ក្រុមនេះកាន់តែមានភាពប្រសើរឡើងកាន់តែល្អក្រោមការដឹកនាំគ្រូបង្វឹកថ្មី លោក Bradley (Maloney)។ ពិតណាស់យើងទន្ទឹងរងចាំការប្រកួតជាមួយម្ចាស់ផ្ទះ (វៀតណាម) ក្នុងការប្រកួតបើកឆាករបស់យើង»។

សូមបញ្ជាក់ថា ពូល B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៥ឆ្នាំ ( AFF U-18 Championship 2019 ) នឹងចាប់ផ្ដើមនៅថ្ងៃទី០៧ ខែកក្កដា ស្អែកនេះ ដោយប្រកួតដំបូង U-18 កម្ពុជា ត្រូវប៉ះ អូស្ត្រាលី។ សូមបញ្ជាក់ថារាល់ការប្រកួតរបស់កម្ពុជា ក្នុងពានរង្វាន់នេះ ស្ថានីទូរទស្សន៍ហង្សមាស នឹងធ្វើការផ្សាយបន្តផ្ទាល់គ្រប់ការប្រកួត៕

កម្មវិធីប្រកួតរបស់ U-18 កម្ពុជា៖

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | aseanfootball

អត្ថបទ៖ ណារ៉ុង

មតិយោបល់