U15 កម្ពុជា បញ្ចប់ភារកិច្ចពីពាន AFF U15 Championship ដោយរកបានតែ ១ពិន្ទុ
មាស សុផាណារ៉ុង August 5, 2019
ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ បានបញ្ចប់ភារៈកិច្ចរបស់ខ្លួនពីពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) ជាផ្លូវការហើយ ដោយរកបានតែ ១ពិន្ទុ បន្ទាប់ពីបន្តប្រកួតចាញ់ U-15 ឡាវ ក្នុងជំនួបទី៥ ប្រចាំពូល B នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នេះ។
ការប្រកួតនេះបានបញ្ចប់ទៅដោយលទ្ធផលឡាវ យកឈ្នះ កម្ពុជា ៣ទល់០ នៅលើទីលាន Institute of Physical Education Chonburi Campus 2 ( IPE2 )។
គ្រាប់បាល់ទាំង ៣គ្រាប់ របស់ U15 ឡាវ កើតឡើងនៅក្នុងវគ្គទី១ ចំនួន ២គ្រាប់ពោល គឺធ្វើបានដោយនៅនាទី១៩ និងនៅនាទី២៨ និងរក្សាលទ្ធផល ២ទល់០ ត្រឹមវគ្គទី១ ខណៈនៅវគ្គទី២ ឡាវ បានបន្ថែម មួយគ្រាប់ទៀត ដែលធ្វើបាននៅនាទី៨០+១ នាំឲ្យឡាវ រកបាន ៧ពិន្ទុបន្ថែម បន្តឈរលេខ៤ ក្នុងតារាងពិន្ទុប្រចាំពូល B ក្រោយឈ្នះ ២ប្រកួត ស្មើ១ និងចាញ់២។
បរាជ័យនេះ នាំឲ្យកម្ពុជា បញ្ចប់ទៅដោយឈរនៅលេខ៥ ប្រចាំពូល B នេះ ដោយប្រកួត ៥ដង មិនដែលឈ្នះ ស្មើ១ និងចាញ់ ៤ មាន ១ពិន្ទុ ហើយគ្រោងនឹងត្រលប់មាតុប្រទេសវិញ នៅថ្ងៃស្អែកផងដែរ៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
អត្ថបទ៖ ណារ៉ុង