ភាគីគីរីដងរែក ថាការចរចារឲ្យអង្គរថាយហ្គឺរ ប្រើកីឡដ្ឋានខ្លួនមិនទាន់សម្រេចនៅឡើយ

មាស សុផាណារ៉ុង August 5, 2019


 

ភ្នំពេញ៖ លោក លី សេងហួរ នាយកប្រតិបត្តិការកីឡដ្ឋានគីរីដងរែក បានអះអាងថា លោកមិនទាន់សម្រេចរឿងឲ្យកីឡដ្ឋានរបស់ខ្លួន ទៅក្លឹបអង្គរថាយហ្គឺរ ប្រើប្រាស់នារដូវកាលថ្មី ឬក៏អត់នោះទេ ដ្បិតលោកកំពុងផ្ដោតលើការអភិវឌ្ឍន៍យុវជនសិន។

បុរសវ័យក្មេងរូបនេះ បានបន្ដថា អង្គរថាយហ្គឺរ ធ្លាប់បានជជែករឿងចង់ប្រើប្រាស់កីឡដ្ឋានគិរីដងរែក នាឆ្នាំក្រោយក៏ពិតមែន ប៉ុន្ដែពុំទាន់មានកិច្ចព្រមព្រៀងជាក់លាក់ណាមួយនោះទេ ព្រោះលោកចង់ប្រើប្រាស់កីឡដ្ឋានេះ បម្រើឲ្យការបណ្ដុះបណ្ដាលយុវជន ដែលជាទិសដៅធំរបស់ខ្លួន។

លោក លី សេងហួរ បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំពោះលទ្ធផលវិជ្ជមាន ឬយ៉ាងណា ពេលនេះខ្ញុំអាចនិយាយបានថា ៥០-៥០ ដោយសារទី១ យើងផ្ដោតលើការអភិវឌ្ឍយុវជនជាធំ ហើយបើខ្ញុំសហការជាមួយគាត់ (អង្គរថាយហ្គឺរ) ការប្រើប្រាស់លើទីលាននឹងមមាញឹកដែរ និយាយទៅ វាអត់ទាន់សម្រេចទៅរួច ព័ត៌មានហ្នឹង ថ្ងៃក្រោយបងនឹងដឹង តែពេលនេះ អត់ទាន់និយាយបានទេ។»

សូមបញ្ជាក់ថា កាលពីពេលថ្មីៗ លោក Akihiro Kato ម្ចាស់ក្លឹបអង្គរថាយហ្គឹរ បានបង្ហើបថា លោកកំពុងពិចារណាក្នុងការផ្លាស់ប្ដូរទ្រនំថ្មី លើទឹកដីចាស់ ពោលគឺចង់ប្ដូរទៅកីឡដ្ឋានស្វាយធំ ខេត្តសៀមរាប ដោយធ្វើការសហការជាមួយកីឡដ្ឋានថ្មី២ ដែលកំពុងសាងសង់ ក្នុងនោះក៏មានកីឡដ្ឋានគិរីដងរែកផងដែរ។ ប៉ុន្ដែរហូតមកទល់ពេលនេះ លោកនៅមិនទាន់បញ្ជាក់ពីការសម្រេចចិត្តនឹងធ្វើការផ្លាស់ប្ដូរ ឬក៏អត់នោះទេ។

គួរដឹងថា បច្ចុប្បន្នកីឡដ្ឋានគិរីដងរែក ដែលបោះទុនសាងសង់ប្រមាណជាងកន្លះលានដុល្លារ ដោយបុរសវ័យក្មេងខាងលើ បានសាងសង់ជិតរួចរាល់ហើយ ដោយទទួលបានការចាប់អារម្មណ៍ និងការសរសើរពីមហាជនជាច្រើន ដែលលោក លី សេងហួរ ហ៊ានចំណាយលុយដ៏ច្រើន ដើម្បីសាងសង់កីឡដ្ឋាន ទាំងលោកមិនទាន់បង្កើតក្លឹបអាជីព ឬប៉ងចូលលេងលីគនៅឡើយ។ កីឡដ្ឋាននេះ គ្រោងសង់កន្លែងអង្គុយប្រមាណ ៥,០០០នាក់ ទៅ ៦,០០០នាក់ឯណោះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ បុត្រា

មតិយោបល់