U-15 កម្ពុជា ប្រកួតបង្រ្គប់កិច្ចពានយុវជនអាស៊ានរសៀលនេះ ជាមួយ U-15 ឡាវ

មាស សុផាណារ៉ុង August 5, 2019


 

ថៃ៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងធ្វើការប្រកួតចុងក្រោយរបស់ខ្លួនក្នុងពូល ​B នៃពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៥ឆ្នាំ ( AFF U-15 Championship 2019 ) ដែលនឹងត្រូវជួបក្រុម U-15 ឡាវ។

ការប្រកួតរវាងក្រុមទាំងពីរ គឺនឹងធ្វើឡើងនៅវេលាម៉ោង ៣:០០ នាទីល្ងាច នាកីឡដ្ឋាន Institute of Physical Education Chonburi Campus 1 ( IPE1 ) ដោយនឹងមានការផ្សាយផ្ទាល់តាមរយៈវេបសាយ mycujoo.tv របស់សហព័ន្ធកីឡាបាល់ទាត់ថៃ ដដែល ខណៈការប្រកួតនេះ គឺត្រូវបានចាត់ទុកថាជាការប្រកួតបង្រ្គប់កិច្ចប៉ុណ្ណោះដ្បិតទាំងពីរក្រុមអស់ឱកាសដូចគ្នាក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

រំលឹកថា មុនជួបគ្នាល្ងាចនេះ U-15 ឡាវ ហាក់មានប្រៀបជាងកម្ពុជា ច្រើនបន្ទាប់ពី ៤ប្រកួតដំបូងនៅក្នុងពូល B នេះឡាវ រងបរាជ័យ ២ដង និងឈ្នះ ១ដង និងស្មើ ១ដង ហើយភាគច្រើនធ្វើបានល្អពេលប៉ះជាមួយក្រុមកម្ពុជា ធ្លាប់ប៉ះ ដូចជា ( ចាញ់ថៃ ២ទល់១, ចាញ់អូស្ត្រាលី ៣ទល់០, ឈ្នះព្រុយណេ ៣ទល់០ និងស្មើម៉ាឡេស៊ី ១ទល់១ ) ខណៈកម្ពុជា ៤ប្រកួតកន្លងមក ( ចាញ់អូស្ត្រាលី ៣ទល់១, ចាញ់ម៉ាឡេស៊ី ២ទល់០, ចាញ់ថៃ ៤ទល់០, ស្មើព្រុយណេ ១ទល់១ )។

និយាយពីតារាងចំណាត់ថ្នាក់ប្រៀបធៀបរវាងក្រុមទាំងពីរវិញ គិតត្រឹមប្រកួតដំបូង U-15 កម្ពុជា កំពុងឈរនៅលេខ៥ ក្រោមឡាវ ខុសគ្នាទាំងពិន្ទុ និងសំណល់គ្រាប់បាល់។

តារាងចំណាត់ថ្នាក់ពេញលេញសម្រាប់ពូល B៖

សូមបញ្ជាក់ជាថ្មីថា ចំពោះបេសកកម្មប្រកួតពានរង្វាន់ AFF U-15 Championship 2019 នៅប្រទេសថៃនេះដែរ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល B ជាមួយម្ចាស់ផ្ទះថៃ ម៉ាឡេស៊ី អូស្ដ្រាលី ឡាវ និងប្រ៊ុយណេ ខណៈការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី២៧ ខែកក្កដា ហើយគ្រោងនឹងបញ្ចប់ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែកម្ពុជាអស់ឱកាសត្រឹមថ្ងៃទី០៥ ខែសីហា នេះ ហើយគ្រោងនឹងត្រលប់មកមាតុប្រទេសវិញ នៅថ្ងៃស្អែកផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | ສະຫະພັນບານເຕະແຫ່ງຊາດລາວ Lao Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់