ឈិន ឈឿន ត្រូវសម្រាករយៈពេលយូរ ក្រោយមានបញ្ហាជង្គង់

មាស សុផាណារ៉ុង August 3, 2019


 

ភ្នំពេញ៖ ខ្សែបម្រើដ៏សំខាន់របស់ក្លឹបក្រសួងការពារជាតិ ឈិន ឈឿន ទំនងមិនអាចជួយក្រុមបានឡើយ ក្នុងរដូវកាលនេះ បន្ទាប់ពីមានបញ្ហារលាកសន្លាក់ជង្គង់ ដែលទាមទារឲ្យគេត្រូវពេលវេលារយៈយូរ ដើម្បីព្យាបាល។ នេះបើតាមការបញ្ជាក់របស់លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្លឹបក្រសួងការពារជាតិ។

កីឡាករមាឌល្អិត តែមានល្បឿនលឿនរូបនេះ ត្រូវបានសង្កេតឃើញថាបានអវត្តមានពីទីលានជាច្រើនសប្ដាហ៍មកហើយ ដែលធ្វើឲ្យអ្នកគាំទ្រ មានការងឿងឆ្ងល់។ ជាមួយបញ្ហានេះ អ្នកចាត់ការទូទៅរបស់ក្រសួងការពារជាតិ បានបង្ហើប ឈិន ឈឿន អវត្តមានដោយសារបញ្ហារបួស។

លោក ទេព ឡុងរចនា បានបញ្ជាក់ថា៖ «ឈិន ឈឿន ប្រហែលពិបាកបន្ដិច ដោយសារបញ្ហាជង្គង់។ ជង្គង់របស់គាត់រលាក ចឹងជង្គង់ ឬសន្លាក់ មិនអាចព្យាបាលជា ឬហ្វឹកហាត់បានលឿនទេ។ ចឹងមើលទៅ ប្រហែលជារដូវកាលក្រោយហើយ បានគាត់អាចត្រឡប់ចូលទីលានវិញបាន ព្រោះយើងចង់ឲ្យគាត់សម្រាកឲ្យល្អ។»

ដូច្នេះតាមរយៈការបញ្ជាក់ខាងលើ សបញ្ជាក់ឲ្យឃើញ ឈិន ឈឿន នឹងរបូតឱកាសជាប់ជម្រើសជាតិជាថ្មី ស្របពេលក្រុមជម្រើសជាតិកម្ពុជា ត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភេពលោក ( FIFA World Cup 2022 ) នាពេលឆាប់ៗខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់