គ្រូព្រះខ័នរាជស្វាយរៀង ថាប្រកួតជាមួយអគ្គិសនីកម្ពុជា គឺជាការប្រកួតដ៏ពិបាក

មាស សុផាណារ៉ុង August 2, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្លឹបព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានបង្ហើបថាការប្រកួតជាមួយអគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ក្នុងជំនួបសប្ដាហ៍ទី១៨ គឺជាការប្រកួតដ៏ពិបាកសម្រាប់ក្រុមលោក។

ព្រះខ័នរាជស្វាយរៀង នឹងបន្តការប្រកួតដើម្បីបន្ថែមកំណត់ត្រាដទៃទៀតរបស់ខ្លួនក្នុងនាមជាក្រុមមិនដែលស្គាល់ពាក្យថាចាញ់ ចាប់តាំងពីបើករដូវកាល ២០១៩ នៃលីគកំពូលកម្ពុជា ជាមួយនឹងការបើកទ្វារផ្ទះស្វាគមន៍ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩។

ថ្លែងមុនការប្រកួតមកដល់ លោក Conor Nestor បានលើកសរសើរដល់អគ្គិសនីកម្ពុជា ថាជាក្រុមការពារល្អ និងរៀបចំបានយ៉ាងល្អផងដែរ។ «វាជាការប្រកួតដ៏លំបាកសម្រាប់យើង ដែលអ្នកអាចមើលឃើញហើយថា អគ្គិសនីកម្ពុជា កៀកទៅជិតនឹងគោលដៅរបស់ពួកគេ។ គេរៀបចំបានល្អណាស់ ហើយដូចអ្វីដែលពួកគេបានធ្វើ ពេលប្រកួតជាមួយនឹងបឹងកេត ពួកគេអាចយកឈ្នះគ្រប់ក្រុមទាំងអស់ ហើយកីឡាកររបស់យើងនឹងត្រូវការការបង្ហាញទម្រង់លេងដ៏ល្អមួយទៀត»។ សម្ដីរបស់ លោក Conor Nestor។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានបន្តទៀតផងដែរថា៖ «គ្រប់ការប្រកួតទាំងអស់សុទ្ធតែខុសគ្នា ហើយនេះហើយគឺជាមូលហេតុដែលយើងតែងតែផ្ដោត ១០០ភាគរយ ពីមួយប្រកួតទៅមួយប្រកួត។»

និយាយពីតារាងចំណាត់ថ្នាក់ ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងស្ថិតនៅលេខ១ ដោយប្រកួត១៧ ដង ឈ្នះ១៤ ដង និងស្មើ ៣ដង ខណៈគូប្រជែងអគ្គិសនីកម្ពុជា ប្រកួត ១៧ដងដូចគ្នា ឈ្នះ៥ ស្មើ១ និងចាញ់១១។ កាលពីជើងទី១ នៅទឹកដីរបស់អគ្គិសនីកម្ពុជា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះម្ចាស់ផ្ទះក្នុងលទ្ធផល ០ទល់១ ក្នុងជំនួបសប្ដាហ៍ទី៥។

ព្រះខ័នរាជស្វាយរៀង ទើបតែបានបំបែកកំណត់ត្រារបស់ណាហ្គាវើលដ៍ គឺបន្ទាប់ពីប្រកួតឈ្នះភ្នំពេញក្រោន ក្នុងជំនួបសប្ដាហ៍ទី១៧ ពានរង្វាន់លីគកំពូលកម្ពុជា ហើយដែលនាំឲ្យ ព្រះខ័នរាជស្វាយរៀង បានក្លាយទៅជាក្រុមដំបូងគេក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ ដែលអាចរក្សាកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់ដល់ទៅ ១៧សប្ដាហ៍ បើធៀបទៅនឹងណាហ្គាវើលដ៍ ដែលរក្សាបានត្រឹមសប្ដាហ៍ទី១៦ កាលពីឆ្នាំ២០១០៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់