គ្រូ U-15 ថៃ សម្ដែងការពេញចិត្តខុសពីរាល់ដង ក្រោយយកឈ្នះ កម្ពុជា យប់មិញ

មាស សុផាណារ៉ុង August 2, 2019


 

ថៃ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម ១៥ឆ្នាំ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ ក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ( AFF U-15 Championship 2019 ) សម្រាប់ជំនួបទី៣ ប្រចាំពូល ​B កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ដោយលទ្ធផល ៤ទល់០

ក្រោយយកឈ្នះជាមួយនឹងលទ្ធផល ៤ទល់០ គ្រូបង្វឹកនៃក្រុមម្ចាស់ផ្ទះ ជម្រើសជាតិថៃអាយុក្រោម ១៥ឆ្នាំ លោក Salvador Valero Garcia បានសម្ដែងការពេញចិត្តជាខ្លាំងនឹងខុសពី ២ប្រកួតកន្លងមកនៅក្នុងពូល B នេះ ដោយសារប្រកួតនេះគឺកូនក្រុមបានកែប្រែច្រើន ជាពិសេសគឺមិនឲ្យមានការរបូតគ្រាប់បាល់។

គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះ បានលើកឡើងថា៖ «កម្ពុជា ជាក្រុមដែលតែងតែបង្ហាញភាពខ្លាំងនៅក្នុងការប្រកួត ប៉ុន្តែថ្ងៃនេះយើងអាចបំពេញភារកិច្ចបានយ៉ាងល្អ ហើយអាចសំរេចគោលដៅបានថែមទៀត។ ចំណុចសំខាន់គឺថាក្រុមមិនរបូតគ្រាប់បាល់។ ត្រូវបានចាត់ទុកថាជារឿងល្អព្រោះយើងបានកែប្រែកំហុសពីការប្រកួត ២លើកកន្លងមក ដើម្បីកែតម្រូវចាប់ពីពេលនេះតទៅ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់ ពេលជួបអូស្ត្រាលី។»

ចាំបានថា ២ប្រកួតកន្លងមកសម្រាប់ U-15 ថៃ បានយកឈ្នះគូប្រកួតទាំង ២លើក ប៉ុន្តែតែងតែរបូតគ្រាប់បាល់មួយគ្រាប់ជានិច្ច ពោលគឺប្រកួតដំបូង ឈ្នះ ឡាវ ២ទល់១ និងប្រកួតទី២ ឈ្នះ ព្រុយណេ ៧ទល់១។ គ្រូបង្វឹកដដែលរូបនេះ ក៏ធ្លាប់បានលើកឡើងផងដែរមុនការប្រកួតមកដល់ ថានឹងកែប្រែទៅលើចំណុចបញ្ហាដែលតែងតែរបូតគ្រាប់បាល់។

ថៃ បច្ចុប្បន្នកំពុងឈរនៅលេខ២ ក្នុងពូល B ហើយក៏រំពឹងថានឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ផងដែរក្រោយឈ្នះ ៣ប្រកួតជាប់ៗគ្នានិងមាន ៩ពិន្ទុពេញ ហើយត្រូវការឈ្នះតែ ១ប្រកួតទៀតប៉ុណ្ណោះ គឺនឹងអាចប្រាកដកៅអីឡើងទៅវគ្គបន្ត៕

 

អត្ថបទពាក់ព័ន្ធ៖ U15 កម្ពុជា ជ្រុះចេញពីពាន AFF U15 Championship ជាផ្លូវការក្រោយចាញ់ ថៃ ក្នុងជំនួបទី៣

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា | ช้างศึก

អត្ថបទ៖ ណារ៉ុង

មតិយោបល់