អ្នកចាត់ការក្រុមទ័ព ថាប៉ះបឹងកេត ថ្ងៃសៅរ៍នេះ គឺជាជំនួប «ហេងស៊យ»

មាស សុផាណារ៉ុង August 1, 2019


 

ភ្នំពេញ៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ (ទ័ព) បានចាត់ទុកការប្រកួតជាមួយ ក្លឹបបឹងកេត នារសៀលថ្ងៃទី០៣ ខែសីហាចុងសប្ដាហ៍នេះ គឺជាការប្រកួត «ហេងស៊យ» ព្រោះមានឧបសគ្គលើបញ្ហាទីលានរបស់ក្រុមម្ចាស់ផ្ទះ ដែលជាទីលានថ្មី មិនសូវអំណោយផលល្អក្នុងការប្រកួត។

លើកឡើងមុនការប្រកួត លោក ទេព ឡុងរចនា បាននិយាយថា៖ «យើងមើលឃើញក្រុមមួយចំនួន ទៅលេងទឹកដីគាត់ (បឹងកេត) គឺពិបាកលេង ដោយសារទីលានគាត់ស្មៅស្ដើង អត់ខុសពីនៅសៀមរាបទេ ចឹងវាជាបញ្ហា។ អញ្ចឹងលទ្ធផលយើងលេង ខ្ញុំជឿថា មិនមានគ្រាប់អ្វីច្រើនទេ អាចចូលទៅក្នុងការលេងដោយ ហេងស៊យ ព្រោះទីលានអត់ល្អ បើទីលានល្អ យើងនិយាយពីបច្ចេកទេស ការបញ្ជូន និងការគ្រប់គ្រងបាល់ តែទាក់ទងទីលានមានបញ្ហា គឺនិយាយពីហេងស៊យ។»

ប៉ុន្ដែយ៉ាងណាលោកបានអះអាងថា ក្រសួងការពារជាតិបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបក្រុមម្ចាស់ផ្ទះបឹងកេតថ្ងៃសៅរ៍នេះ។ ពិសេសលោករំពឹងថា នឹងមានការប្រែប្រួលលទ្ធផលកាន់តែល្អប្រសើរ ឡើងបន្ទាប់ពីក្រុមរបស់ខ្លួន បានបរាជ័យក្នុងដី កាលពីជើងទី១ ដោយលទ្ធផល ២ទល់០ ក្រោមថ្វីជើងអតីតក្រុមជើងឯក ៣សម័យកាលបឹងកេត ផងដែរ។

គួរបញ្ចាក់ថា បច្ចុប្បន្នបឹងកេត កំពុងឈរលេខរៀងទី៥ និងមាន ៣៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតឈ្នះ១០ ស្មើ៤ និងចាញ់៣ ខណៈក្រសួងការពារជាតិ ឈរលេខរៀងទី៦ និងមាន ២៩ពិន្ទុ ជាមួយលទ្ធផល ១៧ប្រកួតឈ្នះ៩ ស្មើ២ និងចាញ់ ៦ប្រកួត ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩៕

 

អត្ថបទ៖ បុត្រា

មតិយោបល់