ប្អូនប្រុសបង្កើតរបស់ លោក Leonardo បន្ដចែកផ្លូវជាមួយក្លឹបភ្នំពេញក្រោន

មាស សុផាណារ៉ុង August 1, 2019


 

ភ្នំពេញ៖ ទីបំផុតលោក Luis Fernando Vitorino ដែលជាប្អូនប្រុសបង្កើតលោក Leonardo Vitorino បានឈានដល់ការចែកផ្លូវជាមួយក្លឹបភ្នំពេញក្រោនជាផ្លូវការហើយ។ នេះបើតាមការបញ្ជាក់លើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់បុរសជនជាតិប្រេស៊ីលរូបនេះ កាលពីល្ងាចមិញ។

គ្រូបង្វឹកអ្នកចាំទីរូបនេះ បានបញ្ជាក់ថា ការចាកចេញពីក្លឹបភ្នំពេញក្រោន គឺជាការគោរពតាមការសម្រេចចិត្តរបស់ក្លឹប។ ប៉ុន្ដែលោកបានសម្ដែងសេចក្ដីរីករាយ ចំពោះការផ្ដល់ឱកាស និងដឹកនាំក្រុមនាពេលកន្លងមក។ យ៉ាងណាមិញដំណឹងនេះ គេពុំទាន់ឃើញភាគីក្លឹបភ្នំពេញក្រោន ធ្វើការប្រកាសជាផ្លូវការនោះទេ។

លោក Fernando បានបង្ហោះសារជាភាសាខ្មែរថា៖ «ខ្ញុំសូមអគុណ ដល់អ្នកគ្រប់គ្នា ដែលតែងតែគាំទ្រ និងផ្តល់ឱកាសដល់រូបខ្ញុំកន្លងមក ហើយខ្ញុំនៅតែមិនបោះបង់ការតាំងចិត្តរបស់ខ្ញុំ នៅតែមានការជឿជាក់លើបាល់ទាត់នៅទីនេះ។ អ្វីដែល ខ្ញុំសប្បាយចិត្តនោះ គឺលទ្ធផលការងាររបស់ខ្ញុំមួយរយះនេះ ខ្ញុំបានឃើញអ្នកចាំទី ២រូប ដែលស្ថិតក្រោមការបង្ហាត់របស់ខ្ញុំ ពួកគាត់បានចូលរួមជាមួយក្រុមជម្រើសជាតិ។ ខ្ញុំត្រូវបានចាកចេញពី PPCFC ពីព្រោះខ្ញុំគោរពតាមការសំរេចចិត្តរបស់ក្លិប។»

ការចាកចេញរបស់គ្រូបង្វឹកអ្នកចាំទីនេះ គឺបន្ទាប់ពីក្លឹបភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយលោក Leonardo Vitorino ដែលជាបងប្រុសរបស់លោក Fernando កាលពីខែឧសភាកន្លងទៅ។ លោក Fernando បានចូលរួមដឹកនាំក្រុមធំរបស់ក្លឹបភ្នំពេញក្រោនចំនួន ១៧ប្រកួតក្នុងរដូវកាលឆ្នាំ២០១៩ ខណៈប្រកួតចុងក្រោយ ស្របពេលភ្នំពេញក្រោន ប្រកួតចាញ់ក្លឹបព្រះខ័នរាជស្វាយរៀង ៥-២ កាលពីពេលថ្មីៗកន្លងទៅ។

គួររំលឹកផងដែរថា លោក Luis Fernando Vitorino បានមកចូលរួមជាមួយភ្នំពេញក្រោន កាលពីខែមេសា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងជាមួយក្រុមថ្នាលយុវជន មុននឹងនៅដើមឆ្នាំ២០១៩ ត្រូវបានតម្លើងមកជាគ្រូអ្នកចាំទីក្រុមឈុតធំ បន្ទាប់ពីដំណើរមកដល់របស់បងប្រុសលោក លោក Leonardo Vitorino ឡើងមកធ្វើជាគ្រូឈុតធំ៕

 

រូបភាព៖ ភ្នំពេញក្រោន – Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់