U-18 កម្ពុជា ឈ្នះយុវជនហូជីមិញ ៣ទល់០ វគ្គទី១ និងក្រោយមកបញ្ឈប់ការប្រកួតដោយសារភ្លៀងធ្លាក់ខ្លាំង

មាស សុផាណារ៉ុង July 31, 2019


 

វៀតណាម៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា ដែលបានធ្វើការប្រកួតមិត្តភាពលក្ខណៈកម្ដៅសាច់ដុំជាមួយក្រុមបាល់ទាត់យុវជនសាលាមួយនាទីក្រុងហូជីមិញ នារសៀលថ្ងៃអង្គារនេះ បានប្រកួតត្រឹមពាក់កណ្ដាលទី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

តាមការឲ្យដឹងពីប្រទេសវៀតណាម ការប្រកួតដកស្រង់បច្ចេកទេសនេះបានចាប់ផ្ដើមនៅវេលាម៉ោង ៣:៣០ នាទីរសៀល នៅវគ្គទី១ U-18 កម្ពុជា បាននាំមុខដល់ទៅ ៣ទល់០ ខណៈចូលដល់វគ្គទី២ ប្រកួតបានប្រហែលប៉ុន្មាននាទីអាកាសធាតុប្រែប្រួលខ្លាំងប្រែជាមានភ្លៀងធ្លាក់ជោគជាំ ដូច្នេះក៏សម្រេចបញ្ឈប់ការប្រកួតដើម្បីជៀងវាងប៉ះពាល់ដល់បញ្ហាសុខភាព។

U18 កម្ពុជា ពេលកំពុងហ្វឹកហាត់កាលពីថ្ងៃទី៣០ ខែកក្កដា

សូមបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពនេះ គ្រាន់តែជាជំនួបកម្ដៅសាច់ដុំក្រៅផ្លូវការប៉ុណ្ណោះ ស្របពេលក្រុមគោព្រៃជំទង់កម្ពុជា កំពុងបោះជំរុំហ្វឹកហាត់ នៅប្រទេសវៀតណាម ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF U-18 Championship 2019 ដែលនឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៦ ដល់ថ្ងៃទី១៩ ខែសីហាខាងមុខ។

សម្រាប់បេសកកម្មចូលរួមពានយុវជនប្រចាំតំបន់អាស៊ាន ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ ក្រុម U-18 កម្ពុជា ស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗ ដូចជាថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្ដ្រាលី និងម្ចាស់ផ្ទះវៀតណាម។ រីឯពូល A មានមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត។ ប៉ុន្ដែមុនការប្រកួតមកដល់ គ្រូបង្វឹកលោក Gyotoku Koji បានដឹកនាំក្រុមគោព្រៃជំទង់កម្ពុជា ទៅបោះជំរុំហ្វឹកហាត់ ១សប្ដាហ៍នៅទីនោះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់